Southampton កំពុងស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Ivan Juric ត្រូវបណ្តេញចេញ ក្រោយក្លិបទទួលការបញ្ជាក់ពីការកាត់ចេញពីក្របខណ្ឌ Premier League នារដូវកាលក្រោយ។
វាជារដូវកាលដ៏ក្រៀមក្រំសម្រាប់ Southampton ដោយពួកគេបានចាប់ផ្ដើមមិនបានល្អឡើយនៅក្របខណ្ឌ Premier League ដែលបានធ្វើអោយគ្រូបង្វឹកលោក Russell Martin ត្រូវបានបណ្តេញចេញពីតំណែងក្នុងខែធ្នូ។ លោក Ivan Juric ក៏មកកាន់តំណែងជាបន្ត តែលទ្ធផលមិនបានល្អជាងនេះទេ ហើយឥឡូវរូបលោកក៏បានរបូតតំណែងថែមទៀត។
Southampton បានក្លាយជាក្រុមដំបូងគេដែលធ្លាក់ចេញពី Premier League នៅរដូវកាល ២០២៤-២៥ និងដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទាំងនៅសល់ការប្រកួត ចំនួន៧លើក។ បន្ទាប់ពីចាញ់ Tottenham Hotspur ៣-១ ក្នុងជំនួប Premier League សប្តាហ៍ទី៣១ និងជាបរាជ័យលើកទី២៥បានធ្វើអោយ Southampton ធ្លាក់ទៅលីគទី២អង់គ្លេស Championship ដោយស្វ័យប្រវត្តិ។
ធ្លាក់ពីលីគកំពូលទាំងនៅសល់៧ប្រកួត Southampton ក៏បានក្លាយជាក្រុមដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត Premier League ដែលសល់ការប្រកួតច្រើន។ Southampton ក្លាយជាអ្នកជំនួស Derby County ដែលរកបានទាបបំផុត ក្នុងរដូវកាល ២០០៧-០៨។
ដោយឡែក យោងតាមគេហទំព័រ Birmingham World មានបេក្ខភាពជាច្រើន ចង់ក្លាយជាគ្រូបង្វឹកបន្ទាប់របស់ Southampton ប៉ុន្តែមានតែ៤រូបដែលមានភាពលេចធ្លោជាងគេ។ តួយ៉ាង អតីតគ្រូបង្វឹក Nottingham Forest និង Leicester City លោក Steve Cooper ត្រូវបានគេចាត់ទុកថា ឈានមុខគេក្នុងការមកដឹកនាំ Southampton ប៉ុន្តែក៏មានបេក្ខភាពលេចធ្លោ៣រូបទៀតគឺលោក Sean Dyche, Gary O’Neil និង Steven Gerrard ។ បច្ចុប្បន្ន អ្នកទាំង៤មិនបានធ្វើការដឹកនាំក្លិបណាមួយទេ ដូច្នេះពួកគេនឹងស្ថិតក្នុងបញ្ជីដែល Southampton ធ្វើការពិចារណា។
សូមបញ្ជាក់ថា ៣១ប្រកួតកន្លងមក Southampton ឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្រៅពីនោះ ស្មើ៤ និងចាញ់ ២៥លើក រកបានតែ ១០ពិន្ទុប៉ុណ្ណោះ ស្ថិតនៅបាតតារាង។ Southampton តាមពីក្រោយ Wolves ដែលឈរចំណាត់ថ្នាក់លេខ១៧តំបន់សុវត្ថិភាពចំនួន២២ពិន្ទុ មានន័យថាទៅះពួកគេឈ្នះទាំង៧ប្រកួតដែលនៅសល់ ក៏មិនអាចគេផុតពីតំបន់ការចោលដែរ៕