ប្រធានគ្រប់គ្រងកីឡាកររបស់ក្លិប Real Betis លោក Manu Fajardo បានបញ្ជាក់ថា ក្លិបរបស់លោកនឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរក្សាទុក Antony សម្រាប់ប្រជែងនារដូវកាលក្រោយ។
បន្ទាប់ពីខ្ចីជើងមកកាន់ទឹកដីអេស្ប៉ាញ Real Betis បានមួយរយៈពេលខ្លី ខ្សែបម្រើប្រេស៊ីល បានធ្វើអោយក្លិបរបស់អេស្ប៉ាញមួយនេះមានភាពលេចធ្លោមែនទែន។ ក្នុងការចូលលេងជម្រើសដំបូង និងការប្ដូរចូលរបស់ Antony ពិតជាធ្វើបានល្អ ទាំងការកាត់បាល់ ការលេងយល់ចិត្តគ្នាក្នុងក្រុម និងបានឆក់យកការពេញចិត្តពីសំណាក់កីឡាករក្នុងក្រុម Real Betis ហើយពេលនេះប្រធានគ្រប់គ្រងកីឡាករ ក៏ពេញចិត្តនូវសមត្ថភាពរបស់គេថែមទៀត។
ជុំវិញរឿងនេះលោក Manu Fajardo បានអោយដឹងថា “វាគឺជាប្រភពនៃការពេញចិត្តលើកម្រិតផ្ទាល់ខ្លួនមួយ ដើម្បីនាំយក Antony មកកាន់ Real Betis ប៉ុន្តែវាគឺជាលទ្ធផលនៃការធ្វើការងារជាក្រុម។ ទោះបីជាខ្ញុំទទួលខុសត្រូវលើការគ្រប់គ្រងកីឡាក៏ដោយ ក៏មានមនុស្សជាច្រើនចូលរួមនៅក្នុងការចុះហត្ថលេខានេះ។ វានៅតែលឿននៅឡើយក្នុងការសម្រេចចិត្ត ប៉ុន្តែយើងនឹងព្យាយាមតាមវិធីផ្សេងៗ និងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបន្តរីករាយជាមួយ Antony នៅទីនេះទៀត។”
វាជាផ្លូវមួយសម្រាប់ការសាងសមត្ថភាពឡើងវិញសម្រាប់ Antony តែអ្វីដែលជាបញ្ហាគឺគេមិនទាន់ដឹងថា Man UTD នឹងព្រមលក់រូបគេដាច់មកអោយ Real Betis ឬក៏យ៉ាងណា ព្រោះលក្ខខណ្ឌ ដែលកីឡាករវ័យ ២៥ឆ្នាំ ផ្លាស់មកកាន់អេស្ប៉ាញនេះត្រឹមជាកីឡាករខ្ចីជើងពាក់កណ្ដាលរដូវកាលប៉ុណ្ណោះ។ គិតមកទល់ពេលនេះ Antony បង្ហាញខ្លួនសរុបបាន១៣លើកហើយ ក្នុងនោះគេស៊ុតបាន៤គ្រាប់ គិតចាប់ពីខ្ចីជើងពីខែមករាមក។
កន្លងមក សាមីកីឡាករក៏បានបង្ហាញអារម្មណ៍ថារូបគេរីករាយខ្លាំងស្ថិតនៅក្លិបអេស្ប៉ាញ ហើយក៏ពេញចិត្តបរិយាកាសនៅក្នុងក្រុម។ មិត្តរួមក្រុម Isco ក៏ធ្លាប់ជំរុញអោយ Real Betis ទិញយក Antony ផ្តាច់ពីក្លិប Man UTD ដែរ។
នៅមុនពេលការមកដល់របស់ Antony ក្លិប Betis ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ប៉ុន្តែពេលនេះ ក្លិបកំពុងឈរលេខ៦ មានគម្លាតត្រឹមតែ ៦ពិន្ទុ ប៉ុណ្ណោះ ពីក្រុមលេខ ៤ Athletic Bilbao ដែលមានកៅអីក្របខណ្ឌ UEFA Champions League ៕