Liverpool ខិតកាន់តែកៀកក្នុងការចុះកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Mohamed Salah។ នេះបើតាមការប្រកាសអោយដឹងពី សារពត៌មាន BBC។
ការពិភាក្សារវាងភាគីទាំងអស់កំពុងបន្ត ខណៈកិច្ចព្រមព្រៀងចុងក្រោយមិនទាន់ត្រូវបានសម្រេចនៅឡើយទេ ប៉ុន្តែមានការបង្ហើបថាការចរចាទទួលលទ្ធផលវិជ្ជមាន។
កិច្ចសន្យាចាស់របស់ Salah នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយមានភាពមិនច្បាស់លាស់មួយចំនួនអំពីអនាគតរបស់គេ ដោយក្លិបនៅអារ៉ាប៊ីសាអូឌីតកំពុងព្យាយាមអន្ទងយកកីឡាករអេហ្ស៊ីបរូបនេះដែរ។ យ៉ាងណា ការរីកចម្រើននាពេលថ្មីៗនេះ បានបង្កើនក្តីសង្ឃឹមថា Salah នឹងបន្តស្នាក់នៅកីឡដ្ឋាន Anfield។ Mohamed Salah គឺជាកីឡាករសំខាន់សម្រាប់ Liverpool ចាប់តាំងពីការមកដល់របស់គេក្នុងរដូវក្តៅឆ្នាំ ២០១៧ ។ កាលពីដើមសប្តាហ៍នេះ ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk ដែលកិច្ចសន្យារបស់គេក៏ផុតកំណត់នៅរដូវក្តៅនេះដែរនោះ ត្រូវបានទទួលដំណឹងថា មានភាពវិជ្ជមានលើការពិភាក្សាបន្តកិច្ចសន្យាថ្មីជាមួក្រុមហង្សក្រហម។
ជាមួយនឹងការចរចាអំពីអនាគតរបស់ Mohamed Salah និង Virgil van Dijk កំពុងមានដំណើរការរលូននោះ កីឡាករសំខាន់របស់ Liverpool មួយរូបទៀតគឺ Trent Alexander-Arnold នៅតែមានភាពមិនច្បាស់លាស់អំពីអនាគតរបស់គេនៅឡើយ។ Trent Alexander-Arnold ត្រូវបានផ្សារភ្ជាប់ការផ្លាស់ទៅកាន់ Real Madrid ជុំវិញការផ្ទេរដោយឥតគិតថ្លៃនៅមុនរដូវកាលក្រោយ។
ងាកមក Mohamed Salah វិញ ក្នុងរយៈពេល៨រដូវកាលរបស់គេនៅ Liverpool រូបគេបានធ្វើអោយខ្លួនក្លាយជាវីរបុរសរបស់ក្រុម ដោយបានដើរតួសំខាន់ក្នុងការប្រកួតធំៗនានារបស់ក្រុម និងរួមចំណែកឈ្នះពានរង្វាន់ជាច្រើនថែមទៀត។ ប៉ុន្តែទោះបីជារីករាយនឹងរដូវកាលដ៏ល្អបំផុត និងបានបញ្ជាក់ម្តងហើយម្តងទៀតនូវបំណងប្រាថ្នា ក្នុងការបន្តលេងនៅកីឡដ្ឋាន Anfield ក៏ដោយ ក៏កីឡាករវ័យ៣២ឆ្នាំបានឈានដល់ខែចុងក្រោយនៃកិច្ចសន្យារបស់ខ្លួន ដោយហាក់ដូចជាមិនមានការរីកចម្រើនលើកិច្ចព្រមព្រៀងថ្មីនាពេលកន្លងមក។ យ៉ាងណាមិញ ការចរចាដែលកំពុងមានភាពរលូននេះ នឹងធ្វើអោយ Mohamed Salah នឹងនៅតែអាចមានវត្តមានជាមួយ Liverpool ក្នុងការប្រកួតរដូវកាលក្រោយទៀត៕