×

គ្រូ Man UTD ចេញមុខការពារអ្នកចាំទី Andre Onana ក្រោយការប្រកួតស្មើ Lyon

គ្រូបង្វឹក លោក Ruben Amorim បាននិយាយការពារ អ្នកចាំទី Andre Onana ក្រោយពីក្រុម Man UTD របស់លោក បានទទួលលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុម Lyon នៅក្នុងជំនួបក្របខណ្ឌ UEFA Europa League ជើងទី១ វគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ។

លទ្ធផលស្មើគ្នានេះ ត្រូវបានអ្នកគាំទ្រជាច្រើន ធ្វើការស្តីបន្ទោសទៅលើអ្នកចាំទីជនជាតិកាមេរូន វ័យ ២៩ឆ្នាំ ថារូបគេបានបង្កកំហុសដែលធ្វើអោយ Lyon អាចមានឱកាសវាយបកតាមស្មើវិញ។ ការប្រកួតនាកីឡដ្ឋាន Parc Olympique Lyonnais កីឡាករ Thiago Almada ជាអ្នករកគ្រាប់បាល់បើកឆាក សម្រាប់ Lyon នៅនាទី២៥ បន្ទាប់ពី ប្រតិកម្មយឺតយ៉ាវរបស់ Andre Onana។ យ៉ាងណា Man UTD មានឱកាសតាមគ្រាប់បាល់តាមស្មើវិញ ដោយ Leny Yoro នៅនាទី៤៥+៤មុនចប់វគ្គទី១។

ឈានមកដល់វគ្គទី២ Man UTD បន្តដាក់សម្ពាធហើយក៏រកបានគ្រាប់បាល់នាំមុខគូប្រកួតវិញដោយ Joshua Zirkzee នៅនាទី៨៨។ យ៉ាងណា នៅចុងម៉ោង Andre Onana បានធ្វេសប្រហែសម្តងទៀត ដែលធ្វើអោយកីឡាករក្រុមគូប្រកួត Rayan Cherki ឆ្មក់ឱកាសរកគ្រាប់បាល់បញ្ចូលទីនៅនាទី ៩០+៥ ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា។

ចាប់តាំងពីដើមរដូវកាលមក Andre Onana បានបង្កកំហុស៨ដងហើយ នៅគ្រប់ការប្រកួតទាំងអស់របស់ Man UTD ដែលជាការបង្កកំហុសច្រើនដងជាងគេក្នុងចំណោមអ្នកចាំទីនានាសម្រាប់ក្រុមដែលលេងនៅក្របខណ្ឌ Premier League។ ការបង្កើតកំហុសញឹកញាប់របស់ Andre Onana ត្រូវបានគេយកកីឡាកររូបនេះទៅធ្វើការវាយប្រហារជាពាក្យសម្ដីនានា។ តែយ៉ាងណា គ្រូបង្វឹក Man UTD លោក Rúben Amorim បានចេញមុខការពារកីឡាករខ្លួននិងថា រូបលោកទើបជាអ្នកបង្កកំហុសច្រើនជាងគេ។

លោក Rúben Amorim និយាយបែបនេះ “វាមិនមានអ្វីដែលខ្ញុំអាចនិយាយសម្រាប់ Andre Onana បានទេនៅពេលនេះ។ ប៉ុន្តែសម្រាប់ខ្ញុំនៅតែមានជំនឿចិត្តលើរូបគេដដែល។ គេអាចបង្កកំហុសខ្លះ ប៉ុន្តែមែនទែនទៅ រូបខ្ញុំទេ ទើបជាអ្នកបង្កកំហុសច្រើនជាងគេ។”

បុរសជនជាតិព័រទុយហ្កាល់ដដែលបន្ថែមថា នៅពេលចប់ការប្រកួតលោកមិនបានឃើញ Onana ទេ លោកបម្រុង នឹងទៅស្វែងរកអ្នកចាំទីរបស់ខ្លួន ដើម្បីនិយាយលួងលោមអោយគេបានស្ងប់ចិត្ត និងលើកទឹកចិត្តគេថា វាមិនមានបញ្ហាអ្វីទេ។

ដោយឡែក Man UTD នឹងត្រូវជួបជាមួយ Lyon សាជាថ្មី នៅក្នុងជំនួបក្របខណ្ឌ UEFA Europa League ជើងទី២ វគ្គ៨ក្រុមចុងក្រោយ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី ១៧ ខែមេសា ខាងមុខ នាកីឡដ្ឋាន Old Trafford របស់ Man UTD វិញម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង