ខ្សែបម្រើ Moises Caicedo របស់ Chelsea ត្រូវបានប៉ូលីសអង់គ្លេស ឃាត់រថយន្តរបស់គេ ទុក បន្ទាប់ពីរូបគេត្រូវបានសង្ស័យថា បានបើកបរដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។
កីឡាករអន្តរជាតិអេក្វាឌ័រ វ័យ២៣ឆ្នាំ ត្រូវបានប៉ូលីសឃាត់រថយន្ត កាលពីពេលថ្មីៗនេះ នៅពេលដែលរូបគេធ្វើដំណើរទៅហ្វឹកហាត់ជាមួយ Chelsea នៅក្នុងតំបន់ Cobham ។
អ្នកនាំពាក្យប៉ូលីស អង់គ្លេស បាននិយាយថា “Moises Caicedo ត្រូវបានបញ្ឈប់ដោយមន្រ្តីប៉ូលីសនៅលើផ្លូវ Fairmile Lane ក្នុងតំបន់ Cobham ហើយត្រូវបានគេរកឃើញថាកំពុងបើកបរដោយគ្មានអាជ្ញាប័ណ្ណ។ រថយន្តត្រូវបានរឹបអូស ហើយការស៊ើបអង្កេតកំពុងបន្តធ្វើឡើង។”
សម្រាប់បញ្ហាដែលកើតឡើងទៅលើ Moises Caicedo ខាងក្លិប Chelsea មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។
ប្រសិនបើមន្ត្រីប៉ូលីសរកឃើញថា Moises Caicedo បានប្រព្រឹត្តបទល្មើសពិតមែន នោះរូបគេអាចប្រឈមមុខនឹងការផាកពិន័យ ឬការកាត់ទោសព្រហ្មទណ្ឌ។
Moises Caicedo បានផ្លាស់ទៅប្រទេសអង់គ្លេសនៅពេលដែលរូបគេត្រូវបានចុះហត្ថលេខាដោយ Brighton ពីក្លិប Independiente del Valle ក្នុងឆ្នាំ ២០២១ ។
Chelsea បានចុះហត្ថលេខាទិញយកកីឡាកររូបនេះ ក្នុងតម្លៃ ១០០ លានផោន ក្នុងខែសីហា ឆ្នាំ ២០២៣ ជាមួយកិច្ចព្រមព្រៀងដែលអាចកើនឡើងដល់ ១១៥លានផោន៕