×

ខ្សែបម្រើ Kevin de Bruyne ថា ខ្លួនមានការខកចិត្តដែល Man City មិនផ្តល់កិច្ចសន្យាថ្មី

ខ្សែបម្រើ Kevin de Bruyne បានបង្ហើបថា រូបគេមានការខកចិត្ត និង ភ្ញាក់ផ្អើល ដែល Man City មិនព្រមផ្តល់កិច្ចសន្យាថ្មី ដែលនឹងធ្វើអោយរូបគេត្រូវចាកចេញពីក្រុមនាពេលខាងមុខ។

កីឡាករវ័យ៣៣ឆ្នាំបានប្រកាសកាលពីដើមខែមេសាថា ខ្លួននឹងចាកចេញពីកីឡដ្ឋាន Etihad នៅពេលដែលកិច្ចសន្យាបច្ចុប្បន្ន ផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។

ប្រកាសចាកចេញពី Man City ក៏ពិតមែន ប៉ុន្តែ Kevin de Bruyne មិនទាន់មានអនាគតថ្មីជាមួយក្លិបណាមួយទេ បើទោះជាទទួលបានការចាប់អារម្មណ៍ច្រើនក៏ដោយ។

ផ្តល់បទសម្ភាសន៍ជាមួយ BBC កីឡាករបែលហ្ស៊ីកបានអោយដឹងដូច្នេះ “ ខ្ញុំភ្ញាក់ផ្អើល និង ខកចិត្តបន្តិច ប៉ុន្តែខ្ញុំត្រូវតែទទួលយកវា។ ខ្ញុំដឹងថា ខ្ញុំមិនមែននៅអាយុក្មេងដូចមុនទេ ប៉ុន្តែខ្ញុំនៅតែជឿជាក់លើសមត្ថភាពខ្លួនឯង ។ និយាយតាមត្រង់ ខ្ញុំនៅតែគិតថាខ្ញុំអាចលេងបានដល់កម្រិតនេះក្លិប Man City គួរតែផ្តល់កុងត្រាថ្មីដល់ខ្ញុំ ប៉ុន្តែពួកគេមិនធ្វើដូចនោះទេ។ ដូចនេះ មិនថាយើងចូលចិត្តវាឬអត់ តែវាដល់ពេលដែលត្រូវនិយាយលាគ្នាជាមួយក្លិបហើយ។”

Kevin De Bruyne បានចូលរួមជាមួយ Man City ដោយផ្លាស់មកពី Wolfsburg ក្នុងឆ្នាំ ២០១៥ ហើយបានឈ្នះពានរង្វាន់ចំនួន ១៦ដង ដែលរួមមានទាំងពានរង្វាន់ Premier League ចំនួន ៦ និង UEFA Champions League ក្នុងឆ្នាំ ២០២៣។

ការចាកចេញរបស់ Kevin De Bruyne នឹងក្លាយជាការរបូតកីឡាករដ៏សំខាន់១រូបរបស់លោក Pep Guardiola ដែលរួមចំណែកជួយក្លិបមេឃខៀវ ឈ្នះពានរង្វាន់ Premier League ៦សម័យ FA Cup ២ដង EFL Cup ៥ដង Community Shield ២ដង និងពិសេស UEFA Champions League ១ដងផងដែរ។ ស្របពេលអ្នកគាំទ្រ Man City ដែលភ្ញាក់ផ្អើល ក៏ដូចជាខកចិត្តនឹងការប្រកាសនេះ បានចាត់ទុកកីឡាករ វ័យ៣៣ឆ្នាំរូបនេះ គឺជាវីរបុរសក្លិបរួចបាត់ទៅហើយ។

កន្លងមក មានការរាយការណ៍ថា ក្លិបចំនួន ៩ ដែលរួមមានក្លិបអាមេរិក Inter Miami, New York City FC , San Diego FC ក្លិបអារ៉ាប៊ីសាអូឌីត Al Nassr, Neom SC, Al-Ittihad ក្លិបអាហ្សង់ទីន River Plate ព្រមទាំងក្លិបយក្សពីរនៅតួកគី Fenerbahce និង Galatasaray សុទ្ធតែចាប់អារម្មណ៍ខ្លាំងបំផុតលើ Kevin De Bruyne ។

បើទោះបីជា Kevin De Bruyne នឹងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរ Free Agent នៅខែមិថុនាក៏ពិតមែន ប៉ុន្តែការចរចាថ្លៃពលកម្ម និងការផ្តល់ជូនពិសេសផ្សេងទៀត នឹងក្លាយជាជម្រើសដ៏សំខាន់សម្រាប់រូបគេ។ ពាក្យចចាមអារ៉ាមជាច្រើនបានអោយដឹងថា ក្លិបនៅអារ៉ាប៊ីសាអូឌីតកំពុងត្រៀមបើកកញ្ចប់ថវិកាដ៏ច្រើនមហាសាល ព្រមទាំងការផ្តល់ជូន១៥០លានអឺរ៉ូក្នុងមួយឆ្នាំឯណោះ សម្រាប់ Kevin De Bruyne ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង