ក្លិបធំៗចំនួន ២ ត្រូវបានរាយការណ៍ថា កំពុងឈានមុខគេក្នុងការចុះកុងត្រានាំយកខ្សែបម្រើស្លាប Alejandro Garnacho ពី Manchester United។
ជាក់ស្តែង ក្លិបទាំង២ដែលត្រូវបានផ្សារភ្ជាប់ជាមួកីឡាករវ័យ២០ឆ្នាំនោះ គឺក្លិបអេស្ប៉ាញ Atletico Madrid និង ក្លិបអាល្លឺម៉ង់ Bayer Leverkusen។
Alejandro Garnacho បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អប្រសើរជាមួយ Manchester United ជិត ៣ រដូវកាលមកនេះ ក្នុងនោះរូបគេលេងបានចំនួន ១៣៦ ប្រកួត រកបាន ២៥ គ្រាប់ និង ចែកបាល់សម្រេចទីបានចំនួន២១ ដង។
យ៉ាងណា ព្រោះតែបញ្ហាហិរិញ្ញវត្ថុបានធ្វើអោយថ្នាក់ដឹកនាំ Manchester United ពិចារណាចង់លក់កីឡាករសញ្ជាតិអាហ្សង់ទីន ចេញនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
បើយោងតាមការចុះផ្សាយដោយ TEAM Talk បានអោយដឹងថា មានក្លិប ២ ដែលកំពុងចាប់អារម្មណ៍លើ Garnacho គឺអតីតក្លិបរបស់គេ Atletico Madrid និង Bayer Leverkusen ហើយភាគីក្លិបទាំង ២ នេះ ក៏បានបើកការចរចាជាមួយខាងភាគី Manchester United រួចរាល់ហើយដែរ។
វាត្រូវបានគេយល់ថា Manchester United នឹងទាមទារតម្លៃប្រហែល ៧០ លានផោនសម្រាប់ Garnacho ដែលនៅតែត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់នៅក្នុងក្លិប។
សូមបញ្ជាក់ថា Alejandro Garnacho ដែលត្រូវបាន Manchester United ដំឡើងមកឈុតធំនៅឆ្នាំ ២០២២ គឺនៅសល់កិច្ចសន្យារយៈពេល ៣ ឆ្នាំទៀតជាមួយក្លិបបិសាចក្រហម ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨។
ដោយឡែក ក្រៅពី Alejandro Garnacho ហើយ ប្រភពខាងដើមបានបង្ហើបថា Manchester United នឹងបញ្ចេញកីឡាករខ្លួនជាច្រើនរូបទៀតនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ដើម្បីស្វែងរកបា្រក់ចំណូល ស្របពេលដែលពួកគេក៏កំពុងស្វែងរកការកែលម្អក្រុមឡើងវិញបន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយនេះ៕