×

Man UTD គ្រោងដាក់សំណើទិញយកខ្សែប្រយុទ្ធ Franco Mastantuono ពី River Plate

Man UTD គ្រោងនឹងដាក់សំណើដេញថ្លៃទិញយកខ្សែប្រយុទ្ធ Franco Mastantuono របស់ក្លិបអាហ្សង់ទីន River Plate។

កីឡាករវ័យ១៧ឆ្នាំ គឺជាគោលដៅរបស់ Real Madrid ប៉ុន្តែការផ្ទេរ ហាក់ដូចជាមិនអាចកើតឡើងទេ ក្រោយប្រភពជិតសិ្នទនឹងក្លិបអេស្ប៉ាញបានបង្ហើបថា ការចរចាជាមួយកីឡាករមានភាពរកាំរកូស។ ដូច្នេះហើយ Man UTD ក៏បានចូលខ្លួនមកចរចាដើម្បីនាំយកកីឡាករអាហ្សង់ទីននេះជាបន្ត។

នៅពេលដែល Man UTD គ្រោងរៀបចំការផ្លាស់ប្តូរក្រុមដ៏ធំនៅពេលដែលរដូវកាលនេះបញ្ចប់នោះ Franco Mastantuono មើលទៅនឹងក្លាយទៅជាកីឡាករសំខាន់មួយរូបក្នុងផែនការរបស់គ្រូបង្វឹក Ruben Amorim ។

Franco Mastantuono បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប River Plate នៅពេលដែលគេបានស៊ុតបញ្ចូលទីក្នុងការឈ្នះពាន Argentine Cup ទៅលើក្រុម Excursionistas កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងវ័យត្រឹមតែ ១៦ ឆ្នាំ ៥ ខែប៉ុណ្ណោះ ហើយនេះត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ដ៏មានទេពកោសល្យដ៏គួរអោយរំភើបបំផុតមួយ របស់ប្រទេសអាហ្សង់ទីន។

Franco Mastantuono ក៏ត្រូវបានជឿថា នឹងដើរតាមគន្លងរបស់អតីតកីឡាករ River Plate ឆ្នើមៗដទៃទៀតដូចជា Ariel Ortega, Radamel Falcao, Julian Alvarez និង Enzo Fernandes ។ រូបគេត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន របស់គ្រូបង្វឹក លោក Lionel Scaloni សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលនឹងធ្វើអោយគេទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត។

ដោយឡែក ក្រៅពី Franco Mastantuono ហើយ គ្រូបង្វឹក Man UTD លោក Ruben Amorim កំពុងសម្លឹងមើលកីឡាករមួយចំនួនទៀត ដែលរួមមានខ្សែប្រយុទ្ធ Liam Delap របស់ Ipswich Town ដែលវានឹងក្លាយជាពេលវេលាដោះដូរកីឡាករដ៏មមាញឹករបស់ Man UTD នៅទីផ្សាររដូវក្តៅខាងមុខ ខណៈបុរសសញ្ជាតិព័រទុយហ្គាល់កំពុងព្យាយាមផ្លាស់ប្តូរក្រុមរបស់ខ្លួនអោយមានភាពរឹងមាំ ខ្លាំងក្លាឡើងវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង