ប្រធានក្រុម Liverpool កីឡាករ Virgil van Dijk បាននិយាយថា ខ្សែការពារ Trent Alexander-Arnold នឹងនៅតែស្ថិតក្នុងការចងចាំរបស់ខ្លួនរហូត បើទោះរូបគេសម្រេចចាកចេញពី Liverpool ភ្លាមៗ នៅពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅបើក។
ជាការពិត Trent Alexander-Arnold ត្រូវបានសារពត៌មាននានា ផ្សព្វផ្សាយថា រូបគេគ្រោងនឹងចាកចេញពីក្លិប Liverpool នៅពេលកុងត្រាផុតសុពលភាព ហើយក្លាយជាកីឡាករឥតតម្លៃខ្លួននៅរដូវក្តៅនេះ ដើម្បីបានចុះហត្ថលេខាលេងជាមួយ ក្លិបអេស្ប៉ាញ Real Madrid ។ ដំណឹងនេះធ្វើអោយកីឡាករមិត្តរួមក្រុម Liverpool បច្ចុប្បន្នរបស់ Trent Alexander-Arnold ដូចជា Virgil van Dijk ជាដើម មានការសោកស្តាយ ប៉ុន្តែកីឡាករហូឡង់អះអាងថា ពេលវេលាល្អៗ និងសមត្ថភាពដ៏លេចធ្លោរបស់ Alexander-Arnold នឹងនៅតែស្ថិតក្នុងការចងចាំរបស់ខ្លួនរហូត។
Virgil van Dijk ដែលទើបតែទទួលបានកុងត្រាថ្មីជាមួយ Liverpool ចំនួន២ឆ្នាំបន្ថែមទៀតនោះ បានអោយដឹងពីទឹកចិត្តរបស់ខ្លួនជាមួយ Alexander-Arnold យ៉ាងដូច្នេះថា “អ្វីក៏ដោយដែលអាចនឹងកើតឡើងនាពេលអនាគត នោះគឺជាអ្វីដែល Alexander-Arnold ត្រូវតែដោះស្រាយដោយខ្លួនឯង ប៉ុន្តែសម្រាប់ខ្ញុំគេជាកីឡាកររបស់ Liverpool នៅចំណុចនេះហើយគេមានសារៈសំខាន់សម្រាប់ក្រុមរបស់យើង។ គេមានសារៈសំខាន់ពេញមួយរដូវកាល ហើយនោះជាអ្វីដែលខ្ញុំសប្បាយចិត្ត។ តាំងពីខ្ញុំបានចូលរួមជាមួយ Liverpool គាត់គឺជាកីឡាករដ៏អស្ចារ្យ ហើយមានរឿងល្អៗជាច្រើនដែលគាត់នឹងចងចាំជានិច្ច ប្រសិនបើគាត់សម្រេចចិត្តចាកចេញ។”
ដោយឡែក អ្នកគាំទ្របានរិះគន់ Trent Alexander-Arnold ដោយបរិយាថា រូបគេជាកីឡាករក្បត់ក្រុម ចំពោះការចង់ទៅកាន់ Real Madrid ប៉ុន្តែ Virgil van Dijk យល់ថា អ្នកគាំទ្រគួរតែរស់នៅក្នុងបច្ចុប្បន្ន ហើយសរសើរកីឡាករដែលនៅតែប្រឹងប្រែងសម្រាប់ក្រុម។
Alexander-Arnold បច្ចុប្បន្ននៅតែមានឱកាសលេងស្ទើរតែគ្រប់ការប្រកួតអោយ Liverpool ហើយក៏ធ្វើបានល្អដែរ។ បើតាមរបាយការណ៍ពី talkSPORT អោយដឹងថា បើសិនជាការផ្លាស់ទៅ Real Madrid ទទួលជោគជ័យ នោះ Trent Alexander-Arnold នឹងទទួលបានប្រាក់ពលកម្មប្រមាណ ២២០,០០០ផោន ក្នុង១សប្តាហ៍ រួមជាមួយកុងត្រារយៈពេល៥ឆ្នាំ ៕