×

Jamie Vardy បន្ទោសខ្លួនឯងក្រោយ Leicester City ធ្លាក់ចេញពី Premier League

ខ្សែប្រយុទ្ធ Jamie Vardy បន្ទោសខ្លួនឯង និងកីឡាករនៅក្នុងក្រុម Leicester City ទាំងអស់ ក្រោយពីក្រុមធ្លាក់ចេញពីក្របខណ្ឌ Premier League រដូវកាលក្រោយ។ កីឡាករអង់គ្លេស ថាទម្រង់លេងធ្លាក់ខ្លាំង និងជារឿងដ៏អាម៉ាស់មិនអាចជួយក្រុមបន្តនៅលីគកំពូលអង់គ្លេស។

ចាញ់ក្នុងលទ្ធផល ១-០ ក្រោមថ្វីជើង Liverpool កាលពីសប្តាហ៍មុន បានធ្វើអោយ Leicester City ជាក្រុមទី២ បន្ទាប់ពី Southampton ត្រូវកាត់ចេញពីលីគកំពូលអង់គ្លេស ក្រោយពីពួកគេទើបវិលត្រឡប់មកប្រកួតប្រជែងបានត្រឹមតែ មួយរដូវកាល។

Vardy អតីតកីឡាករជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ ២០១៦ ដែលជាឆ្នាំនៃការឈ្នះពាន រូបគេធ្លាប់ជាកីឡាករខ្លាំងម្នាក់ស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ ប៉ុន្តែរដូវកាល ២០២៤-២៥ កីឡាករវ័យ ៣៨ឆ្នាំ ធ្លាក់ទម្រង់លេងខ្លាំង ដោយរកគ្រាប់បានត្រឹមតែ ៧គ្រាប់ ប៉ុណ្ណោះ ពីការបង្ហាញខ្លួន ៣១លើក។

ការធ្លាក់ចេញជាថ្មី ក្រោយទើបលេងបានតែមួយរដូវកាលប៉ុណ្ណោះនៅ Premier League បានធ្វើអោយ Jamie Vardy ខឹងសម្បារ ស្តីបន្ទោសខ្លួនឯង និងមិត្តរួមក្រុមទាំងអស់ដូច្នេះថា “នៅចំណុចនេះ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតឡើយ។ គ្មានពាក្យអ្វីត្រូវនិយាយ ខ្ញុំបានត្រឹមតែបង្ហាញពីអារម្មណ៍សោកស្តាយជាមួយអ្វីដែលយើងបានធ្វើក្នុងរដូវកាលនេះ។ គ្មានលេសនោះទេ ក្នុងនាមជាកីឡាករ និងជាក្លិបមួយ យើងបរាជ័យ ហើយគ្មានអ្វីត្រូវលាក់បាំងទេ។”

Leicester City ឈរនៅចំណាត់ថ្នាក់លេខ ១៩ ដោយរកបានត្រឹមតែ១៨ពិន្ទុ ប៉ុណ្ណោះ ពីការប្រកួតចំនួន៣៣លើក ឃ្លាតពីតំបន់សុវត្ថិភាព ១៨ពិន្ទុ ខណៈការប្រកួតសល់តែ៥លើកទៀត ដែលមានន័យថា ទោះពួកគេឈ្នះគ្រប់ការប្រកួតដែលនៅសល់ក៏មិនអាចផ្លាស់ប្តូរស្ថានការណ៍បានដែរ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង