ក្លិប Man UTD បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋាន ជាមួយខ្សែប្រយុទ្ធរបស់ក្លិប Napoli គឺ កីឡាករ Victor Osimhen មុនទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Metro នៅអង់គ្លេស។
កីឡាករ នីហ្សេរីយ៉ា នៅសល់រយៈពេល ៦ សប្តាហ៍ទៀត នឹងបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្រុម Galatasaray ខណៈការលេងនៅក្រុមការពារតំណែងជើងឯងលីគតួកគី រយៈពេលជិត ១ រដូវកាលកន្លងមក រូបគេពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន ដោយការលេងចំនួន ៣៥ ប្រកួត រកបាន ៣០ គ្រាប់។
Man UTD បានចាប់អារម្មណ៍ខ្លាំងលើ Osimhen ហើយពួកគេកំពុងធ្វើការលើការផ្ទេរនេះ តាមដែលអាចធ្វើទៅបាននៅទីផ្សារដោះដូរកីឡាកររដូវក្តៅ ដែលជិតឈានចូលមកដល់ឆាប់ៗនេះ។
ប្រភពខាងដើមដដែលបានអះអាងថា Man UTD បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានជាមួយ Osimhen ហើយ ជុំវិញរឿងប្រាក់ខែរបស់កីឡាករសញ្ជាតិ នីហ្ស៊េរីយ៉ា ប៉ុន្តែក្រុមនៅ Premier League មួយនេះ គឺមិនទាន់មានការយល់ព្រមណាមួយ ជុំវិញតម្លៃផ្ទេរជាមួយ Napoli នៅឡើយទេ។
Victor Osimhen ធ្លាប់ជាគោលដៅរបស់ Chelsea ហើយហៀបនឹងផ្ទេរទៅកាន់ទឹកដី Stamford Bridge ទៅហើយ កាលពីរដូវក្តៅមុន ប៉ុន្តែក្រុមនៅ Premier League មិនអាចយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិប Napoli ទើបការផ្ទេរមិនបានកើតឡើង ហើយរូបគេក៏ត្រូវបានបញ្ចេញអោយខ្ចីជើងទៅកាន់ Galatasaray តែម្តង។
លេងជាមួយ Galatasaray មួយរដូវកាលនេះ Victor Osimhen លេងបានល្អខ្លាំង ដោយបង្ហាញខ្លួន ៣៥ដងគ្រប់កម្មវិធី រូបគេរកបានដល់ទៅ ៣០គ្រាប់ទៅហើយ។ រូបគេក៏កំពុងឈរជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងក្របខណ្ឌ Süper Lig របស់តួកគីផងដែរ ដោយរកបាន២១គ្រាប់៕