×

អត្តពលិកដែលមិនចាក់វ៉ាក់សាំង នៅតែអាចចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងា ២០២២ តែតម្រូវឱ្យធ្វើចត្តាឡីស័ក

អត្តពលិកអូឡាំពិក មន្ត្រី បុគ្គលិក និងអ្នកសារព័ត៌មានដែលចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងា ២០២២ នាក្រុងប៉េកាំង តម្រូវឱ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ហើយអ្នកគ្មានវ៉ាក់សាំងនៅតែអាចចូលរួមបានតែត្រូវនៅដាច់ដោយឡែករយៈពេល២១ថ្ងៃសិន។

ការធ្វើចត្តាឡីស័កក្នុងរយៈពេលដ៏យូរចំនួន៣សប្តាហ៍ សម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង ជាវិធានការតឹងរ៉ឹងរបស់ម្ចាស់ផ្ទះចិន ដើម្បីធានាថាព្រឹត្តិការណ៍លំដាប់ពិភពលោក ដែលចាប់ផ្តើមពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដំណើរការដោយរលូន ខណៈជំងឺកូវីដ១៩ នៅតែរាតត្បាត។

ការធ្វើតេស្ត PCR ប្រចាំថ្ងៃ ក៏នឹងត្រូវធ្វើដដែលទោះអ្នកចូលរួមមានវ៉ាក់សាំង និងចត្តាឡីស័កតាមគោលការណ៍។ វិធានការទាំងអស់នេះ ត្រូវបានបង្កើតឡើងពីសំណាក់ IOC រួមជាមួយអ្នករៀបចំកីឡានេះ និងរដ្ឋាភិបាលរបស់ប្រទេសចិនផ្ទាល់តែម្តង។

លោក Juan Antonio Samaranch ប្រធានគណៈកម្មការសម្របសម្រួលកីឡាអូឡាំពិកប៉េកាំង ឱ្យដឹងថា អ្នកចូលរួមនឹងទទួលបានបទពិសោធថ្មីខុសពីមុន ហើយពួកគេត្រូវតែគោរពតាមវិធានការរឹតបន្តឹងដែលជាមធ្យោបាយតែមួយគត់ក្នុងការរៀបកីឡានេះ ដោយសុវត្ថិភាពក្នុងអំឡុងពេលមានជំងឺរាតត្បាត។
ដោយឡែក អ្នកណាក៏ដោយដែលចង់ទៅលេងប្រទេសចិន អំឡុងពេលកីឡាអូឡាំពិក ត្រូវចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១៤ ថ្ងៃមុនពេលទៅដល់៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង