គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បង្ហាញការខកចិត្តក្រោយស្មើគ្នាទល់នឹងក្រុម Crystal Palace ក្នុងជំនួបក្របខណ្ឌ Premier League កាលពីយប់មិញ។
ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Emirates ក្រុម Arsenal ដែលជាម្ចាស់ផ្ទះ ត្រូវបានមើលឃើញថា មានប្រៀបជាងគូប្រជែងទៅលើការគ្រប់គ្រងបាល់ដែលអាចធ្វើបានដល់ទៅ ៦៨ភាគរយ ប៉ុន្តែឱកាសស៊ុតមានតិចជាង ដោយ Arsenal មានឱកាសស៊ុត១២ដង ខណៈ Crystal Palace មានឱកាសស៊ុត ១៥ដង។
កែលបាល់បាន៣នាទី Arsenal បានរកគ្រាប់បាល់នាំមុខបានមុនដោយ Jakub Kiwior ធ្វើការតែតបញ្ចូលទី។ យ៉ាងណា នាទី២៧ Eberechi Eze បានស៊ុតបញ្ចូលទីតាមស្មើអោយ Crystal Palace វិញ។ នាទី៤២ មុនចប់វគ្គទី១ Arsenal បាននាំមុខសាជាថ្មី ដោយការស៊ុតពី Leandro Trossard ។
ឈានដល់វគ្គទី២ Arsenal បន្តការគាបសង្កត់ទៅលើ Crystal Palace ដដែល ប៉ុន្តែមិនអាចរកគ្រាប់បាល់បានបន្តទេ។ ផ្ទុយមកវិញ Crystal Palace បានឆក់ឱកាសល្អរកបានគ្រាប់បាល់តាមស្មើ នៅនាទី៨៣ ជាការស៊ុតបញ្ចូលទី ពី Jean-Philippe Mateta ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២។
ជាមួយលទ្ធផលនេះដែរ បានធ្វើអោយគ្រូបង្វឹក Arsenal លោក Mikel Arteta មានការខកចិត្តព្រោះក្រុមកាន់តែឃ្លាតឆ្ងាយឱកាសប្រជែងពាន និងបានរុញច្រាន ក្រុមកំពូលតារាង Liverpool ខិតកាន់តែកៀកការឈ្នះជើងឯកលីគកំពូលអង់គ្លេសរដូវកាលនេះ។
លោក Mikel Arteta បានអោយដឹងក្រោយចប់ការប្រកួតថា “ មែនហើយ ខ្ញុំខកចិត្តនឹងលទ្ធផល និងការលេងរបស់កីឡាករផងដែរ។ ខ្ញុំគិតថា យើងមិនដែលមានភាពស៊ីសង្វាក់គ្នាជាច្រើន ដង ។ យើងតែងតែមានអារម្មណ៍ថា មែនហើយ យើងមានបាល់ យើងមានការគ្រប់គ្រង វា ប៉ុន្តែយើងមិនបានចាប់យកឱកាសល្អទេ។ វាមិនទៅតាមរបៀបដែលខ្ញុំចង់បានទេ។”
Arsenal បច្ចុប្បន្នឈរលេខ២មាន៦៧ពិន្ទុឆ្លងកាត់៣៤ប្រកួត ខណៈក្រុមកំពូលតារាង Liverpool មានដល់ទៅ ៧៩ពិន្ទុ ឆ្លងកាត់ ៣៣ប្រកួត។ Liverpool នឹងឈ្នះជើងឯក Premier League រដូវកាលនេះតែម្តង នៅពេលដែលពួកគេបានឈ្នះ ឬ បានត្រឹមលទ្ធផលស្មើគ្នាទល់នឹង Tottenham Hotspur សម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះ៕