គ្រូបង្វឹក Man City លោក Pep Guardiola បានចាត់ទុករដូវកាល ២០២៤-២៥ ជារដូវកាលដ៏អាក្រក់បំផុត ដោយពួកគេខកខានការពារតំណែងជើងឯក ក្រោយពីបានឈ្នះជើងឯកលីគកំពូលអង់គ្លេស ៤លើកជាប់ៗគ្នា។
ក្រុមរហស្សនាមមេឃខៀវ បានឡើងឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League មាន៦១ពិន្ទុ ឆ្លងកាត់៣៤ប្រកួត ឃ្លាតដាច់ចំនួន ១៨ពិន្ទុ ពីក្រោយក្រុមកំពូលតារាង Liverpool ហើយក្រុមហង្សក្រហមសល់១ប្រកួតក្នុងដៃទៀត។
យ៉ាងណា Man City រក្សាបានកៅអីសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីពួកគេបានផ្តួល Aston Villa លទ្ធផល ២-១ ដណ្តើមបាន ៣ពិន្ទុ បន្ថែមទៀតក្នុងក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ ។
ជាមួយនឹងលទ្ធផលនេះដែរ លោក Pep Guardiola យល់ថា ក្រុមរបស់លោកបានជួបនូវរដូវកាលដ៏អាក្រក់មួយ ក្នុងការប្រកួតប្រជែងរដូវកាល ២០២៤-២៥ នេះ បើទោះជាក្រុមរបស់លោក នៅតែមានកៅអីលេងក្នុងពានរង្វាន់ UEFA Champions League ក៏ដោយ។
ជុំវិញបញ្ហានេះ គ្រូបង្វឹកវ័យ ៥៤ឆ្នាំ បានអោយដឹងថា “រដូវកាលនេះ ពិតជាពេលវេលាដ៏អាក្រក់បំផុតមួយ។ រឿងដែលធ្វើអោយយើងរងសម្ពាធខ្លាំងរដូវកាលនេះ នោះគឺជា Premier League មិនមែនជា UEFA Champions League មិនមែន FA Cup នោះទេ។”
ក្រុម Man City នឹងត្រូវបន្តដំណើរទៅប៉ះក្រុម Nottingham Forest ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅចុងសប្តាហ៍នេះ មុនពួកគេត្រូវវិលទៅកាន់ការប្រកួតក្របខណ្ឌ Premier League ប៉ះក្រុម Wolverhampton នៅកីឡដ្ឋាន Etihad ថ្ងៃទី២ ខែឧសភា ខាងមុខនេះ ៕