×

ក្លិបធំៗ៤នៅ Premier League ចាប់អារម្មណ៍ខ្សែការពារ Dean Huijsen របស់ Bournemouth

ខ្សែការពារ Dean Huijsen របស់ Bournemouth បានទទួលការចាប់អារម្មណ៍ពីក្លិបធំៗចំនួន ៤ នៅក្របខណ្ឌ Premier League។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។

ក្លិបទាំង៤នៅលីគកំពូលអង់គ្លេសដែលតាមសម្លឹងមើលកីឡាករវ័យ២០ឆ្នាំមាន Chelsea, Liverpool, Arsenal និង Newcastle United ហើយនឹងត្រៀមប្រជែងគ្នាផ្ទេរយករូបគេនៅទីផ្សាររដូវក្តៅខាងមុខនេះ។

របាយការណ៍បឋមបានអោយដឹងថា Dean Huijsen មានថ្លៃផ្តាច់កុងត្រា៥០លានផោន។ សម្រាប់ Bournemouth វិញ កំពុងមានការបារម្ភខ្លះដែរ ដោយកីឡាករក្មេងៗមានទេពកោសល្យរបស់ពួកគេត្រូវបានក្លិបធំៗចាប់អារម្មណ៍ជាបន្តបន្ទាប់ ដែលធ្វើអោយក្លិបត្រូវប្រឈមមុខបាត់បង់កីឡាករទាំងអស់នោះ។ យ៉ាងណា Bournemouth សង្ឃឹមថា ការប្រឹងប្រែងស្វែងរកកៅអីលេងនៅពានរង្វាន់អឺរ៉ុប អាចនឹងអន្ទងចិត្តកីឡាករឆ្នើមទាំងនោះមិនអោយចាកចេញ។

បែបនេះក្តី វានៅតែមានភាពលំបាកច្រើន សម្រាប់ Bournemouth ក្នុងការទប់ស្កាត់កុំអោយ Dean Huijsen ចាកចេញ ដោយក្នុងនោះមានការបង្ហើបអោយដឹងថា ក្លិប Chelsea មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីប្រឹក្សារបស់កីឡាករអេស្ប៉ាញ ដែលជាការបើកផ្លូវដ៏ធំមួយ ដើម្បីរូបគេផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge។ រីឯ Newcastle United វិញ មានការខកចិត្តព្រោះតែរបូតគោលដៅសំខាន់ៗជាច្រើន ក្នុងទីផ្សារដោះដូរកន្លងទៅ ដូច្នេះ Dean Huijsen នឹងជាបេក្ខភាពដែលពួកគេចង់ក្តាប់អោយណែន នាំយកមករួមក្រុម។

សម្រាប់ Liverpool និង Arsenal ក៏កំពុងចង់នាំយកជម្រើសខ្សែការពារបន្ថែម ហើយភាពលេចធ្លោកន្លងមករបស់ Dean Huijsen បានធ្វើអោយពួកគេមានការពិចារណាផងដែរ។ ដោយឡែក ក្រៅពីក្លិបទាំង៤នៅ Premier League ខាងដើមហើយ ក្លិបអាល្លឺម៉ង់ Bayern Munich និងក្លិបអេស្ប៉ាញ Real Madrid ក៏ត្រូវបានផ្សព្វផ្សាយថា កំពុងតាមសម្លឹងមើល Dean Huijsen ដូចគ្នា។

Dean Huijsen បានចូលរួមជាមួយ Bournemouth ដោយផ្លាស់មកពី Juventus កាលពីរដូវក្តៅមុន និងបានអភិវឌ្ឈន៍ខ្លួន ក្លាយជាកីឡាករខ្សែការពារកណ្តាល ដ៏រឹងមាំមួយរូប នៅក្នុងការប្រកួតបាល់ទាត់នៅតំបន់អឺរ៉ុប ក្នុងរយៈពេល១២ខែចុងក្រោយនេះ។ រូបគេកាន់តែទទួលការចាប់អារម្មណ៍បន្ថែមទៀត នៅពេលដែលក្រុមជម្រើសជាតិហូឡង់ និង អេស្ប៉ាញ ដណ្តើមគ្នា កោះហៅមករួមក្រុមរៀងខ្លួន។

Dean Huijsen បានកើតនិងធំធាត់នាទីក្រុង Amsterdam និងបានលេងអោយក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំ របស់ហូឡង់។ រូបគេបានផ្លាស់ទីលំនៅមកកាន់ទីក្រុង Marbella និងបានទទួលសញ្ជាតិអេស្ប៉ាញ ហើយក៏បានត្រូវកោះហៅចូលក្រុមជម្រើសជាតិអេស្ប៉ាញក្នុងការប្រកួតបាល់ទាត់យុវជនកាលពីខែមុនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង