ប្រធានក្រុម Leicester City កីឡាករខ្សែប្រយុទ្ធ Jamie Vardy នឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែមានបំណងបន្តអាជីពលេងរបស់ខ្លួន។
កីឡាករវ័យ៣៨ឆ្នាំបានចូលរួម Leicester City កាលឆ្នាំ ២០១២ ពីក្លិប Fleetwood Town ហើយបានក្លាយជាកីឡាករទី៣ស៊ុតបញ្ចូលទីច្រើនជាងគេ សម្រាប់ក្រុមរហស្សនាមកញ្ជ្រោង ដោយស៊ុតបាន ១៩៨ គ្រាប់ ពីការបង្ហាញខ្លួន ៤៩៨ លើក។
Vardy ស៊ុតបញ្ចូលទីបាន ២៤ដង ក្នុងយុទ្ធនាការ Premier League 2015-16 ដែលជួយ Leicester City ឈ្នះពានលីគកំពូលអង់គ្លេសដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
អតីតកីឡាករជម្រើសជាតិអង់គ្លេសក៏ជាផ្នែកមួយនៃក្រុម Leicester City ដែលឈ្នះពានរង្វាន់ FA Cup ឆ្នាំ ២០២១ ដោយបានយកឈ្នះ Chelsea ១-០ នៅកីឡដ្ឋាន Wembley។
ជុំវិញដំណឹងនៃការចាកចេញពី Leicester City នេះដែរ Jamie Vardy បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ចំពោះអ្នកគាំទ្រ Leicester ខ្ញុំមានការភ្ញាក់ផ្អើលដែលការចាកចេញរបស់ខ្ញុំនឹងមកដល់ ។ ខ្ញុំបានចំណាយពេល ១៣ ឆ្នាំនៅទីនេះ ជាមួយនឹងភាពជោគជ័យជាច្រើន និងការបរាជ័យ។ Leicester តែងតែមានកន្លែងដ៏ធំនៅក្នុងបេះដូងរបស់ខ្ញុំ។ នេះមិនមែនជាការចូលនិវត្តន៍ទេ។ ខ្ញុំចង់បន្តលេង និងធ្វើអ្វីដែលខ្ញុំពេញចិត្តបំផុត ពោលគឺស៊ុតបញ្ចូលទី។”
កន្លងទៅ Jamie Vardy បានបង្ហាញការខកចិត្តខឹងសម្បារទៅលើខ្លួនគេ និងមិត្តរួមក្រុម បន្ទាប់ពី Leicester City ត្រូវបានកាត់ចេញពីក្របខណ្ឌ Premier League រដូវកាលក្រោយ។
Leicester City ឈរនៅចំណាត់ថ្នាក់លេខ ១៩ ដោយរកបានត្រឹមតែ១៨ពិន្ទុ ប៉ុណ្ណោះ ពីការប្រកួតចំនួន៣៣លើក ឃ្លាតពីតំបន់សុវត្ថិភាព ១៨ពិន្ទុ ខណៈការប្រកួតសល់តែ៥លើកទៀត ដែលមានន័យថា ទោះពួកគេឈ្នះគ្រប់ការប្រកួតដែលនៅសល់ក៏មិនអាចផ្លាស់ប្តូរស្ថានការណ៍បានដែរ។ ចំពោះការប្រកួតបន្ទាប់របស់ Leicester City ត្រូវក្រុម Wolverhampton។
ការប្រកួតចុងក្រោយរបស់ Jamie Vardy នៅកីឡដ្ឋាន King Power នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែឧសភា នៅពេលដែល Leicester City ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ Ipswich Town៕