ក្លិប Aston Villa បានបើកកិច្ចពិភាក្សាផ្ទៃក្នុងដ៏សំខាន់មួយ ជុំវិញការផ្ទេរយកខ្សែបម្រើ Kevin de Bruyne ដែលនឹងចាកចេញពី Man City។
កាលពីដើមខែមេសា កីឡាករវ័យ ៣៣ឆ្នាំ បានចេញមុខអះអាងថា រូបគេនឹងចាកចេញពី Man City ក្រោយបញ្ចប់រដូវកាល នេះ និងជាការចាយពេល ១០ឆ្នាំ នៅកីឡដ្ឋាន Etihad។ កិច្ចសន្យារបស់ Kevin de Bruyne នឹងផុតកំណត់ក្នុងខែមិថុនា។
ក្លិប Aston Villa ហាក់បីជាបង្ហាញបំណងខ្លាំងក្លា និងបានចាប់យកឱកាសចង់ផ្ទេរយកកីឡាករបែលហ្ស៊ីកមកចូលរួមក្រុម ចំពេលដែលគ្រូបង្វឹកលោក Unai Emery កំពុងស្វែងរកខ្សែបម្រើខ្លាំងមួយរូបមកពង្រឹងក្រុម។
Kevin de Bruyne ក៏ធ្លាប់បង្ហាញបំណងចង់បន្តស្នាក់នៅក្លិបណាមួយនៅក្របខណ្ឌ Premier League ផងដែរ ក្រោយចាកចេញពីក្លិបមេឃខៀវ។
ជំហរដ៏រឹងមាំក្នុងការព្យាយាមស្វះស្វែងប្រជែងរកកៅអីទៅកាន់ពានរង្វាន់អឺរ៉ុប អាចជាភាពទាក់ទាញមួយ ក្នុងការអន្ទងចិត្ត Kevin de Bruyne អោយមករួមរស់ជាមួយ Aston Villa។
មិនត្រឹមតែក្លិប Aston Villa តែមួយនោះទេ ក្លិបមកពីក្របខណ្ឌ Major League Soccer របស់អាមេរិកចំនួន ៤ បានបង្ហាញបំណងប្រជែងយក De Bruyne ដូចគ្នា។ តួយ៉ាងមានដូចជា ក្លិប Inter Miami, Chicago Fire, New York City FC និង DC United សុទ្ធសឹងជាក្រុមចង់បានកីឡាកររូបនេះ។ក្លិប Como មកពីអ៊ីតាលី ក៏បានចូលខ្លួនប្រជែងចង់បាន Kevin de Bruyne បើទោះបីជាគ្មានភាគរយខ្ពស់ ដែលនឹងអាចថាប្រជែងចិត្តរូបគេបានក្តី៕