គ្រូបង្វឹក Liverpool លោក Arne Slot បានបង្ហាញពីភាពរីករាយជាទីបំផុត ក្រោយពីក្រុមហង្សក្រហមរបស់លោកបានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ Premier League 2024-25 បន្ទាប់ពីវាយបកយកឈ្នះក្រុម Tottenham Hotspur កាលពីពេលថ្មីៗនេះ។
ក្នុងជំនួបសប្តាហ៍ទី ៣៤ ដែលធ្វើឡើងនាកីឡដ្ឋាន Anfield ម្ចាស់ផ្ទះ Liverpool បានគាបសង្កត់ ក្រុមគូប្រជែង តាមរយៈការគ្រប់គ្រងបាល់បានដល់ទៅ ៦១ភាគរយ និងឱកាសស៊ុតមានដល់ទៅ២១ដង ខណៈក្រុមភ្ញៀវ Tottenham Hotspur មានឱកាសស៊ុតតែ៨ដង។ យ៉ាងណា Tottenham Hotspur ជាអ្នកនាំមុខមុន ក្រោយកែលបាល់បានជាង១២នាទី ពីការតែតរបស់ Dominic Solanke ប៉ុន្តែ Liverpool បានវាយបកយក៣គ្រាប់មកវិញនៅក្នុងវគ្គទី១ដដែល ដោយគ្រាប់បាល់របស់ Luis Díaz នាទី១៦ Alexis Mac Allister នាទី២៤ និង Cody Gakpo នាទី៣៤។
នៅវគ្គទី២ Liverpool បន្តរកបានគ្រាប់បាល់បន្ថែមដោយ Mohamed Salah នាទី៦៣ និង ការធ្វើអោយភ្លាត់បាល់ចូលទីខ្លួនឯងរបស់ Destiny Udogie នៅនាទី៦៩ មុនបញ្ចប់ការប្រកួតដោយលទ្ធផល Liverpool ៥ Tottenham Hotspur ១។
ជោគជ័យនេះបានធ្វើអោយ Liverpool ឈ្នះជើងឯក Premier League ទាំងដែលនៅសល់ ៤ប្រកួត ដ្បិតពួកគេមានពិន្ទុនាំមុខក្រុមលេខ២ Arsenal ដល់ទៅ ១៥ពិន្ទុឯណោះ។
សម្រាប់គ្រូបង្វឹក Liverpool លោក Arne Slot ក៏បានសាងកំណត់ត្រាផ្ទាល់ខ្លួនដែរ ដោយបានក្លាយជាជនជាតិហូឡង់ដំបូងគេ ដែលឈ្នះ Premier League ក្នុងនាមជាគ្រូបង្វឹក និងជាគ្រូបង្វឹកនៅលីគកំពូលអង់គ្លេសទី៥ ដែលឈ្នះពានរង្វាន់នេះក្នុងការដឹកនាំរដូវកាលដំបូងរបស់ខ្លួន។
កំណត់ត្រាល្អជាបន្តបន្ទាប់ បានធ្វើអោយ លោក Slot បង្ហាញពីការសប្បាយរីករាយយ៉ាងខ្លាំង និងបានបរិយាយពីអារម្មណ៍របស់ខ្លួនដូច្នេះ “ខ្ញុំរំជួលចិត្តពេលមកដល់កីឡដ្ឋានដើម្បីមើលថាតើវាមានន័យយ៉ាងណាសម្រាប់ក្រុមរបស់យើង និងអ្នកគាំទ្រ ។ ពួកយើងមានឱកាសឈ្នះ វាមានអារម្មណ៍ថាពិតជាពិសេស។ វាពិតជាមិនគួរអោយជឿពីអ្វីដែលកើតឡើងនៅថ្ងៃនេះ។”
ដោយឡែក វាក៏ជាការឈ្នះជើងឯកបាល់ទាត់លីគកំពូលអង់គ្លេសលើកទី២០របស់ Liverpool ដែលធ្វើអោយពួកគេតាមស្មើកំណត់ត្រារបស់ Man UTD ជាក្រុមឈ្នះ Premier League ច្រើនជាងគេគឺចំនួន២០ដងដូចគ្នា៕