×

West Ham United សម្រេចអនុវត្តន៍ជម្រើសទិញផ្តាច់ខ្សែការពារ Jean-Clair Todibo ពី Nice

ក្លិប West Ham United បានសម្រេចអនុវត្តន៍ជម្រើសទិញផ្តាច់ខ្សែការពារ Jean-Clair Todibo ពីក្លិបបារាំង Nice បន្ទាប់ពីពួកគេបានធានាកៅអីនៅក្របខណ្ឌ Premier League សម្រាប់រដូវកាលក្រោយ។

កីឡាករបារាំងបានចូលរួមជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Nice កាលពីរដូវក្តៅមុន ហើយកិច្ចព្រមព្រៀងនេះរួមបញ្ចូលកាតព្វកិច្ចក្នុងការចុះហត្ថលេខាលើរូបគេជាអចិន្ត្រៃយ៍។

លក្ខខណ្ឌនៃការផ្ទេរនេះនៅតែរក្សាជាការសម្ងាត់ ប៉ុន្តែប្រភពជាច្រើនបានប្រាប់ BBC Sport ថា លក្ខខណ្ឌចម្បងនៅក្នុងកិច្ចព្រមព្រៀងរបស់ West Ham ជាមួយ Nice លើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍គឺការរក្សាកៅអី Premier League របស់ពួកគេអោយបាន។

ការធានាកៅអី Premier League របស់ West Ham United គឺបន្ទាប់ពី Ipswich Town បានក្លាយជាក្លិបចុងក្រោយដែលត្រូវកាត់ចោលទៅក្នុងក្របខណ្ឌ Championship ដោយ West Ham United ឈរលេខ១៧ មាន៣៦ពិន្ទុ ពីលើ Ipswich Town ដែលនៅលេខ១៨ ដល់ទៅ ១៥ពិន្ទុ ខណៈការប្រកួតសល់តែ៤លើកទៀត ។

សម្រាប់ កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍របស់ Jean-Clair Todibo គឺ មានតម្លៃប្រមាណ ៤២,៥ លានអឺរ៉ូ ។ ប្រភពជិតស្និទ្ធនឹងកិច្ចព្រមព្រៀងបានទទូចថាព័ត៌មានលម្អិតមួយចំនួននៅតែមិនត្រូវបានទម្លាយ ប៉ុន្តែបានបញ្ជាក់ពីដំណើរការនៃការចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំ។

Todibo បានបង្ហាញខ្លួន ២២ លើកសម្រាប់ West Ham United នៅរដូវកាលនេះ ប៉ុន្តែរូបគេក៏អវត្តមានមួយរយៈដោយសារបញ្ហារបួស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង