×

Liverpool ប្រកាសថ្ងៃដង្ហែរពាន Premier League ក្រោយដណ្តើមបានជើងឯក

ក្រុម Liverpool បានប្រកាសពីថ្ងៃដង្ហែរពានរង្វាន់ Premier League ទៅកាន់អ្នកគាំទ្រ ក្រោយពីពួកគេដណ្តើមបានជើងឯក សម្រាប់រដូវកាល ២០២៤-២៥ នេះ។

ជាការពិត ក្រុមរហស្សនាមហង្សក្រហម បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ Premier League បន្ទាប់ពីវាយបកយកឈ្នះក្រុម Tottenham Hotspur កាលពីពេលថ្មីៗនេះ។

Liverpool ឈ្នះជើងឯក Premier League ទាំងដែលនៅសល់ ៤ប្រកួត ដ្បិតពួកគេមានពិន្ទុនាំមុខក្រុមលេខ២ Arsenal ដល់ទៅ ១៥ពិន្ទុឯណោះ។

ឥឡូវនេះ Liverpool ក៏បានប្រកាសប្រាប់ពីថ្ងៃដង្ហែរពានរង្វាន់ Premier League ទៅកាន់អ្នកគាំទ្រផងដែរ ដោយកម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែឧសភា ពោលគឺបន្ទាប់ពីចប់ការប្រកួត បិទរដូវកាល។ ទីតាំងនៃការដង្ហែរពានរបស់ពួកគេក៏នឹងធ្វើឡើងតាមដងផ្លូវ នាទីក្រុង Liverpool ប្រទេសអង់គ្លេស ដោយកីឡាករ Liverpool និង គ្រូបង្វឹក លោក Arne Slot នឹងធ្វើដំណើរតាមរថយន្តក្រុង ធ្វើការដង្ហែរពានដែលមានចម្ងាយផ្លូវប្រមាណ ១៥គីឡូម៉ែត្រ។

អ្នកគាំទ្ររាប់ម៉ឺននាក់ ត្រូវបានរំពឹងថា នឹងធ្វើដំណើរមកកាន់ទីក្រុង Liverpool ដើម្បីចូលរួមអបអរការឈ្នះជើងឯក Premier League របស់ក្រុមពួកគេ។

ជោគជ័យនេះ បានមកដោយការខិតខំរបស់ក្រុមកីឡាករ និង បុគ្គលិកក្លិប Liverpool ហើយ សម្រាប់គ្រូបង្វឹក Liverpool លោក Arne Slot បានរួមចំណែក និងសាងកំណត់ត្រាផ្ទាល់ខ្លួនដែរ ដោយបានក្លាយជាជនជាតិហូឡង់ដំបូងគេ ដែលឈ្នះ Premier League ក្នុងនាមជាគ្រូបង្វឹក និងជាគ្រូបង្វឹកនៅលីគកំពូលអង់គ្លេសទី៥ ដែលឈ្នះពានរង្វាន់នេះក្នុងការដឹកនាំរដូវកាលដំបូងរបស់ខ្លួន។

ដោយឡែក វាក៏ជាការឈ្នះជើងឯកបាល់ទាត់លីគកំពូលអង់គ្លេសលើកទី២០របស់ Liverpool ដែលធ្វើអោយពួកគេតាមស្មើកំណត់ត្រារបស់ Man UTD ជាក្រុមឈ្នះ Premier League ច្រើនជាងគេគឺចំនួន២០ដងដូចគ្នា តាមពីក្រោយដោយ Arsenal ធ្លាប់ឈ្នះចំនួន១៣ដង និង Manchester City ឈ្នះ ១០ដង។ មានតែ២៤ក្រុមប៉ុណ្ណោះ ធ្លាប់ឈ្នះជើងឯកលីគកំពូលអង់គ្លេមួយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង