×

ខ្សែប្រយុទ្ធ Marcus Rashford ទំនងអវត្តមានការប្រកួតដែលនៅសល់ព្រោះរបួស

ខ្សែប្រយុទ្ធ Marcus Rashford ដែលកំពុងលេងជាកីឡាករខ្ចីជើងនៅ Aston Villa ត្រូវបាន រំពឹងថានឹងអវត្តមានការប្រកួតដែលនៅសេសសល់នៃរដូវកាលនេះ ដោយសាររូបគេមានបញ្ហារបួសសរសៃពួរ។

ព្រោះតែរបួស Rashford មិនបានចូលលេងការប្រកួតពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែល Aston Villa ចាញ់ Crystal Palace ៣-០ កាលពីពេលកន្លងទៅ។

មែនទែនទៅ វាមានលទ្ធភាពដែល Rashford អាចវិលមកទីលានវិញបាន ប៉ុន្តែមានការជឿថា កីឡាករវ័យ២៧ឆ្នាំ មិនចង់បង្ហាញខ្លួននោះឡើយ ដោយចង់ផ្តោតទៅលើការជាសះស្បើយទាន់ពេលវេលា សម្រាប់ការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងខែមិថុនា ដែលជាការប្រកួតជម្រុះ FIFA World Cup 2026 ជាមួយក្រុមអង់ដូរ៉ា និងការប្រកួតមិត្តភាពជាមួយសេណេហ្គាល់។

បើសិន Marcus Rashford សម្រេចចិត្តត្រលប់មកវិញនោះ ការបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ចុងក្រោយរបស់គេគឺនឹងជួយក្រុម Aston Villa ប៉ះ Tottenham Hotspur នៅថ្ងៃទី ១៨ ខែឧសភា ព្រោះតែគេមិនមានសិទ្ធិលេងក្នុងការប្រកួតបិទបញ្ចប់រដូវកាលដែល Aston Villa ត្រូវតទល់នឹងក្លិបអាណាព្យាបាលរបស់គេ Man UTD នៅថ្ងៃទី ២៥ ខែឧសភានោះឡើយ។

កិច្ចសន្យារបស់ Marcus Rashford នៅ Man UTD ដំណើរការដល់ឆ្នាំ ២០២៨ ប៉ុន្តែរូបគេមិនរំពឹងថានឹងលេងអោយក្លិបបិសាចក្រហមបន្តទៀតទេ ខណៈដែល លោក Ruben Amorim នៅតែជាកាន់តំណែងជាគ្រូបង្វឹកនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង