មានការរាយការណ៍ថា Man UTD កំពុងសិក្សាអំពីលទ្ធភាព ក្នុងការយកខ្សែប្រយុទ្ធ Rasmus Hojlund ជាថ្នូរដូរជាមួយនឹងខ្សែប្រយុទ្ធ Ademola Lookman របស់ Atalanta នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ជាការពិត Man UTD ហាក់មានការខកចិត្តចំពោះ Rasmus Hojlund ដោយមិនអាចបញ្ចេញគុណផលបានល្អប្រសើរដូចការចង់បាន ដោយរូបគេ បង្ហាញខ្លួន២៩ដង ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ អាចរកបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ។
ប្រភពពីសារពត៌មាន Punch Sports Extra អះអាងថា ក្រុមបិសាចក្រហមកំពុងស្វែងរកការដោះស្រាយបញ្ហាតំបន់វាយប្រយុទ្ធ របស់ពួកគេនៅមុនរដូវកាល ២០២៥-២៦ បន្ទាប់ពីបានជួបប្រទះយុទ្ធនាការដ៏លំបាកមួយទៀត។ ការផ្លាស់ប្តូរកីឡាករមួយចំនួន ជាគម្រោងដែល Man UTD ត្រូវអនុវត្តន៍ ដើម្បីដកចេញកីឡាករមិនមានគុណភាព នៅក្នុងក្រុមរបស់ពួកគេ ហើយក្នុងនោះ Rasmus Hojlund ហាក់មិនស្ថិតក្នុងការចង់បានរបស់ក្រុមទៀតទេ។
ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Ruben Amorim បានបង្ហាញការចាប់អារម្មណ៍លើកីឡាករមួយរូបនោះគឺ Ademola Lookman ហើយមានបំណងធ្វើការស្នើផ្លាស់ប្តូរកីឡាករដោយយក Rasmus Hojlund ជាថ្នូរ។ Hojlund ក៏ទទួលបានការចាប់អារម្មណ៍ពី Atalanta ដែលជាក្រុមរូបគេធ្លាប់លេងអោយបានមួយរដូវកាលដែរ ហើយ Atalanta ក៏មានបំណងចង់អោយស្នើដល់ Man UTD ជាមួយនឹង Ademola Lookman វិញដូចគ្នា។
Ademola Lookman បច្ចុប្បន្នមានតម្លៃខ្លួន៦០លានអឺរ៉ូ ដែលអាចនឹងធ្វើអោយ Man UTD ពិចារណាក្នុងការនាំយកកីឡាករនីហ្សេរីយ៉ាទៅកាន់ទឹកដី Old Trafford ដោយប្តូរជាមួយនឹង Hojlund ខណៈបូករួមជាមួយនឹងប្រាក់បន្ថែម។ ការធ្វើបែបនេះជាយុទ្ធសាស្ត្រដ៏ល្អបំផុតសម្រាប់ Man UTD ដើម្បីអាចរក្សាស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនហើយក៏អាចជៀសផុតពីបញ្ហា Financial Fair Play ផងដែរ៕