Tottenham Hotspur បានធ្វើការដាក់សំណើទៅកាន់ Aston Villa ដើម្បីសុំផ្លាស់ប្តូរកាលបរិច្ឆេទនៃការប្រកួតក្របខណ្ឌ Premier League របស់ពួកគេ តែសំណើនោះត្រូវបាន Aston Villa បដិសេធទៅវិញ។
ជាការពិត Tottenham Hotspur នឹងត្រូវជួប Aston Villa ជាលើកចុងក្រោយក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥ នេះ នៅថ្ងៃទី ១៨ ខែឧសភា ខាងមុខ នាកីឡដ្ឋាន Villa Park។
មែនទែនទៅ Tottenham Hotspur ចង់ផ្តោតទៅលើការប្រកួតពានរង្វាន់អឺរ៉ុប ដោយបច្ចុប្បន្នពួកគេ កំពុងស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League ត្រូវប៉ះក្រុមន័រវេស Bodø/Glimt ចំនួន ២ជើង នៅថ្ងៃទី ១ និង ថ្ងៃទី ៨ ខែឧសភា។
ប្រសិនបើឈ្នះ អញ្ចឹង Tottenham Hotspur នឹងត្រូវទៅលេងវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន San Mamés ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ ខណៈកាលបរិច្ឆេទ វគ្គផ្តាច់ព្រ័ត្រ UEFA Europa League ធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ពោលគឺត្រឹមតែ៣ថ្ងៃបន្ទាប់ពីពួកគេជួបប្រកួតជាមួយ Aston Villa រួច។ ដូច្នេះហើយដើម្បីរក្សាជើងកីឡាករ Tottenham Hotspur បានស្នើសុំផ្លាស់ប្តូរកាលបរិច្ឆេទ ក្នុងការប្រកួតជាមួយ Aston Villa ពីថ្ងៃទី ១៨ ខែឧសភា មកកាន់ថ្ងៃទី ១៥ ខែឧសភា វិញ ប៉ុន្តែសំណើនោះ ត្រូវបានបដិសេធហើយ។
ប្រភពពី BBC បានបង្ហាញថា រឿងនេះវាមិនដែលកើតឡើងទេ ដែលការប្រកួត Premier League ត្រូវផ្លាស់ប្តូរកាលបរិច្ឆេទ ដើម្បីជួយក្រុមណាមួយក្នុងការប្រកួតប្រជែងនៅពានអឺរ៉ុបនោះ។
Aston Villa ក៏ធ្លាប់មានការប្រកួតដ៏មមាញឹកដែរ ដោយត្រូវលេងរៀងរាល់ ៣ ទៅ ៤ ថ្ងៃម្តង ក្នុងខែមេសា ដោយកាលណោះពួកគេនៅមានការលេងពានរង្វាន់ UEFA Champions League និង FA Cup នៅក្នុងដៃ តែ Aston Villa មិនបានស្នើសុំផ្លាស់កាលបរិច្ឆេទណាមួយនៃការប្រកួតរបស់ពួកគេឡើយ។
ហេតុផលផ្សេងទៀតសម្រាប់ការបដិសេធគឺការប្រកួតជាមួយ Tottenham Hotspur ដែលជាការប្រកួត Premier League ក្នុងផ្ទះចុងក្រោយរបស់ Aston Villa នៃរដូវកាលនេះ នឹងរួមបញ្ចូលសកម្មភាពសំខាន់ៗមួយចំនួន ដែលបានគ្រោងទុកជាស្រេចហើយ ហើយវានឹងមិនអាចបញ្ចប់បានទេប្រសិនបើការប្រកួតត្រូវបានផ្លាស់ប្តូរកាលបរិច្ឆេទនោះ៕