លោក Luis Enrique គ្រូបង្វឹក Paris Saint Germain បានលើកឡើងថា កូនក្រុមខ្លួនមានភាពរីកចម្រើនជាងមុន ក្រោយពីពួកគេបានយកឈ្នះ Arsenal នៅក្នុងជំនួបជើងទី១ វគ្គ៤ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League កាលពីយប់មិញ។
Paris Saint Germain បានយកឈ្នះ Arsenal ក្នុងការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Emirates ដោយលទ្ធផល ១-០ ដោយការស៊ុតតែ១គ្រាប់គត់ពីសំណាក់ខ្សែបម្រើ Ousmane Dembélé នៅក្នុងនាទី៤នៃវគ្គទី១។
វាជាការជួបគ្នាសាជាថ្មីរវាងក្រុមទាំង ២ ក្នុងពានរង្វាន់ UEFA Champions League រដូវកាលនេះ។ មុនឈានដល់វគ្គនេះ Paris Saint Germain ធ្លាប់ចាញ់ Arsenal ២-០ អំឡុងវគ្គសន្សំពិន្ទុ League Phase កាលពីខែតុលាឆ្នាំ២០២៤ ដោយកាលនោះ ក្រុមបារាំងពុំសូវមានទម្រង់លេងល្អប៉ុន្មានឡើយ។
យ៉ាងណា នៅរយៈពេលចុងក្រោយ Paris Saint Germain កាន់តែមានទម្រង់លេងល្អខ្លាំងឡើង ដោយនៅមុនពេលពួកគេលើកពាន Ligue 1 ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Luis Enrique បានទម្លាក់ជើងខ្លាំង Liverpool នៅវគ្គ ១៦ក្រុមចុងក្រោយ និង Aston Villa វគ្គ ៨ក្រុមចុងក្រោយ។ ពេលវិលមកជួប Arsenal វិញ Paris Saint Germain ក៏បានយកឈ្នះវិញទៀត។
ជាមួយលទ្ធផលល្អនេះ គ្រូបង្វឹកជនជាតិអេស្ប៉ាញ លោក Luis Enrique បានសរសើរកូនក្រុមរបស់ខ្លួនមានភាពរីកចម្រើនខ្លាំងជាងការប៉ះគ្នាលើកមុន ដោយបានលើកឡើងដូច្នេះ “នោះវាជារឿងកាលពី ៧ និង ៨ខែមុន ខ្ញុំបានមើលឃើញពីការប្រកួតនេះម្តងទៀត យើងគឺមានភាពរីកចម្រើនជាងមុន ហើយយើងកំពុងតែមានក្រុមល្អបំផុតមួយពេលនេះ។ យើងបានជួបប្រទះការប្រកួតដ៏តានតឹងកន្លងមក ជាមួយការប្រកួតជាច្រើនប្រៀបបាននឹងវគ្គផ្តាច់ព្រ័ត្រ ដូច្នេះខ្ញុំគិតថាវាបានធ្វើអោយរឿងខ្លះពិបាក ព្រោះយើងស្ថិតក្នុងស្ថានភាពលំបាកនោះ ប៉ុន្តែវាក៏បានធ្វើអោយយើងរឹងមាំ និងជោគជ័យជាងមុន។”
ក្រុមទាំង២នៅជួបគ្នាម្តងទៀត ក្នុងការប្រកួតជើងទី២ នាកីឡដ្ឋាន Parc des Princes របស់ Paris Saint Germain វិញម្តង នាថ្ងៃទី៧ ខែឧសភា ខាងមុខ៕