×

ម្ចាស់ក្លិប Nottingham Forest កាត់បន្ថយការគ្រប់គ្រងរបស់ខ្លួន ដើម្បីជៀសវាងការល្មើសច្បាប់របស់ UEFA  

ម្ចាស់ក្លិប Nottingham Forest លោក Evangelos Marinakis បានកាត់បន្ថយការគ្រប់គ្រងរបស់ខ្លួនចំពោះក្លិបនៅលីគកំពូលអង់គ្លេសមួយនេះ ដើម្បីជៀសវាងការល្មើសនឹងច្បាប់របស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ។

UEFA មានច្បាប់តឹងរឹងទាក់ទងនឹងគំរូកម្មសិទ្ធិពហុក្លិបរបស់ម្ចាស់ក្លិបណាមួយ។ តួយ៉ាង លោក Evangelos Marinakis គឺជាម្ចាស់ក្លិប Nottingham Forest និង ក្លិបក្រិច Olympiakos រួមទាំងក្លិបព័រទុយហ្កាលើ Rio Ave ផងដែរ។

ទាំង Nottingham Forest និង Olympiakos កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការប្រកួត UEFA Champions League នៅរដូវកាលក្រោយ ដែលជាការរំពឹងទុកថា ក្លិបទាំង២អាចនឹងបំពានច្បាប់របស់ UEFA ព្រោះពួកគេស្ថិតនៅក្រោមកម្មសិទ្ធិម្ចាស់តែមួយ ហើយនឹងមិនអាចប្រកួតប្រជែងក្នុងការប្រកួតពានអឺរ៉ុបដូចគ្នាបានទេ។

មានការបង្ហើបថា លោក Evangelos Marinakis បានដកសិទ្ធអំណាចការគ្រប់គ្រងយ៉ាងសំខាន់នៃក្រុមហ៊ុន NF Football Investments Limited ដែលជាម្ចាស់ក្លិប Nottingham Forest ប៉ុន្តែបុរសជនជាតិក្រិច នៅតែជាម្ចាស់ក្លិបដដែល។

ការផ្លាស់ប្តូរនេះត្រូវបានបង្កើតឡើងដើម្បីធានាថា គំរូកម្មសិទ្ធិត្រូវបានដាក់បង្ហាញ ហើយក្លិប Nottingham Forest បានគោរពតាមច្បាប់របស់ UEFA។ ការផ្លាស់ប្តូររចនាសម្ព័ន្ធកម្មសិទ្ធិត្រូវតែបញ្ចប់នៅចុងខែមេសា ដែលជាច្បាប់ដែលក្លិបត្រូវអនុវត្តតាម។

Nottingham Forest កំពុងឈរនៅលេខរៀងទី៦ក្នុងក្របខណ្ឌ Premier League មាន៦០ពិន្ទុស្មើគ្នាជាមួយនឹងក្រុមលេខ ៥ Chelsea និងចំណេញ១ប្រកួតក្នុងដៃ។ ក្របខណ្ឌ Premier League បានទទួលកូតា ៥កៅអីទៅកាន់ UEFA Champions League ដូច្នេះមានន័យក្រុមចាប់ពីចំណាត់ថ្នាក់លេខ៥ទៅ នឹងទទួលបានកៅអីទៅកាន់ពានកំពូលអឺរ៉ុបនៅរដូវកាលក្រោយ។

ដោយឡែក Olympiakos គឺជាក្រុមកំពូលតារាងក្របខណ្ឌកំពូលរបស់ក្រិច ហើយនឹងកៅអីឡើងទៅកាន់ UEFA Champions League ដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង