គ្រូបង្វឹកលោក Ruben Amorim បាននិយាយថា ការឈ្នះពានរង្វាន់ UEFA Europa League មិនអាចជួយសង្គ្រោះភាពយ៉ាប់យ៉ឺនខ្លាំងនៅរដូវកាលនេះរបស់ Man UTD បានទេ ប៉ុន្តែវាជាគន្លឹះនៃការដោះស្រាយចំពោះអនាគតរបស់ក្លិប ទាំងក្នុង និងក្រៅទីលាន។
Man UTD បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ដោយត្រូវតទល់នឹង ក្រុមអេស្ប៉ាញ Athletic Bilbao។
យ៉ាងណា Man UTD កំពុងជួបប្រទះភាពលំបាក ដោយការប្រកួតពានក្នុងស្រុកនានាពួកគេបានរបូតអស់ហើយ ហើយខណៈពេលនេះក្រុមបិសាចក្រហមកំពុងឈរនៅលេខរៀងទី ១៤ ក្នុងក្របខណ្ឌ Premier League ជាមួយនឹង ៣៩ ពិន្ទុ ក្នុងដៃ បន្ទាប់ពីរងបរាជ័យ១៥ដងក្នុងរដូវកាលនេះ។
បែបនេះក្តី លោក Amorim ជឿជាក់ថា ភាពជោគជ័យនៅពានអឺរ៉ុបអាចបញ្ចូលសន្ទុះដែលត្រូវការ ទៅក្នុងយុទ្ធនាការដ៏ខកចិត្តមួយ និងចូលទៅក្នុងផែនការកសាងក្រុមឡើងវិញផងដែរ។
ទាក់ទិននឹងរឿងនេះ លោក Amorim បានប្រាប់ដូច្នេះ “អ្នករាល់គ្នាដឹងការប្រកួត UEFA Europa League វាពិតជាមានសារៈសំខាន់ពួកយើង។ យើងដឹងថាគ្មានអ្វីអាចសង្គ្រោះក្រុមនៅក្នុងការប្រកួត Premier League រដូវកាលនេះទេ តែបើឈ្នះពាន UEFA Europa League វាអាចជាគន្លឹះដ៏ធំក្នុងការដោះស្រាយបញ្ហាពេលអនាគត ដោយយើងបានកៅអី UEFA Champions League ទៀត។ មានការប្រកួតទាំងនោះនៅឆ្នាំក្រោយអាចផ្លាស់ប្តូរអ្វីៗជាច្រើននៅក្នុងក្លិបរបស់យើង ។”
ដោយឡែក នៅពេលដែលត្រូវបាន សួរអំពីភាពផ្ទុយគ្នារវាងទម្រង់លេងនៅពានអឺរ៉ុបដ៏រឹងមាំរបស់ Man UTD និងការតស៊ូក្នុងក្របខណ្ឌ Premier League នោះ លោក Amorim បាននិយាយថាអ្វីដែលកំពុងធ្វើគឺដោះស្រាយបញ្ហានៅចំពោះមុខ។
វាក៏មានការជជែកវែកញែកថា តើនឹងក្លាយជារឿងយុត្តិធម៌សម្រាប់ក្លិបដែលមានទម្រង់លេងក្នុងស្រុកមិនល្អតែមានសិទ្ធិទៅលេង UEFA Champions League តាមរយៈការឈ្នះជើងឯក UEFA Europa League លោក Amorim បាននិយាយថា Man UTD ត្រូវតែក្តាប់ឱកាសអោយបានច្រើនបំផុត ដោយមិនគិតពីរបៀបដែលពួកគេត្រូវបានយល់ឃើញថាយ៉ាងណានោះទេ។
សម្រាប់ជំនួប Man UTD ទក់នឹង Athletic Bilbao នៅជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League នឹងដំណើរការនាយប់នេះ នាកីឡដ្ឋាន San Mamés របស់ក្រុម Athletic Bilbao ៕