×

អតីតគ្រូ West Ham United លោក Julen Lopetegui ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកាតា

សមាគមបាល់ទាត់ប្រទេសកាតា បានអោយដឹងថា អតីតគ្រូបង្វឹក West Ham United លោក Julen Lopetegui ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកាតាក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។

លោក Julen Lopetegui ត្រូវបានតែងតាំងមកជំនួសតំណែងមិត្តរួមជាតិអេស្ប៉ាញ លោក Luis Garcia ដោយលោកនឹងត្រូវដឹកនាំក្រុមជម្រើសជាតិកាតា ពេញមួយការប្រកួតដែលនៅសល់នៃវគ្គជម្រុះ FIFA World Cup 2026 តំបន់អាស៊ី។

ការកាន់តំណែងនៅក្រុមកាតា ជាការវិលត្រឡប់ទៅកាន់ការដឹកនាំក្រុមជម្រើសជាតិជាលើកដំបូងសម្រាប់បុរសវ័យ៥៨ឆ្នាំ ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញនៅមុនព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018។

លោក Lopetegui មិនដែលចាញ់សោះក្នុងការដឹកនាំ ២០ប្រកួតជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ុន្តែបែរត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពី Real Madrid បានប្រកាសថា ពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីតែងតាំងរូបលោកមកដឹកនាំក្រុមរបស់ពួកគេនៅរដូវកាល ២០១៨-១៩ ។

ក្រោយដឹកនាំ Real Madrid បានតែជាងមួយរដូវកាល លោក Julen Lopetegui ក៏ត្រូវបណ្តេញចេញពីតំណែង ហើយលោកក៏បន្តទៅដឹកនាំក្លិបដទៃទៀតដូចជា Sevilla, Wolverhampton Wanderers និង West Ham United។ ដឹកនាំ West Ham United បានតែជាង៦ខែ លោក Julen Lopetegui ក៏ត្រូវបណ្តេញចេញពីតំណែងកាលពីខែមករា មុនទទួលបានតំណែងនៅក្រុមបាល់ទាត់ជម្រើសជាតិកាតា នៅពេលនេះ។
ក្រុមកាតាកំពុងស្ថិតនៅលេខ៤ក្នុងពូល A នៃការប្រកួតជម្រុះ FIFA World Cup 2026 ដែលមានប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ធ្វើជាសហម្ចាស់ផ្ទះ។

ពួកគេមិនអាចបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង២ ដែលមានកៅអីស្វ័យប្រវត្តិ ប៉ុន្តែក្រុមមួយនេះកំពុងស្ថិតក្នុងការប្រជែងគ្នាដើម្បីឈានទៅប្រកួតវគ្គ Playoff សម្រាប់ក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ និងទី៤។

កាតាមាន១០ពិន្ទុពីការប្រកួត៨លើក ដោយនាំមុខក្រុមលេខ៥កៀហ្ស៊ីស៊ីស្ថាន៤ពិន្ទុ។ ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមកំពូលតារាងអ៊ីរ៉ង់នៅថ្ងៃទី ៥ ខែមិថុនា មុននឹងទៅជួបក្រុមលេខ២ អូបេគីស្ថាន នៅថ្ងៃទី ១០ ខែមិថុនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង