×

គ្រូ Man UTD ថា ខ្លួនភ្ញាក់ផ្អើលក្រោយឃើញកូនក្រុមលេងបានល្អក្នុងជំនួបទល់នឹង Athletic Bilbao

គ្រូបង្វឹក Man UTD លោក Ruben Amorim បាននិយាយថា លោកមានការភ្ញាក់ផ្អើល និង មិនរំពឹងទុកថា កីឡាកររបស់ខ្លួនលេងបានយ៉ាងល្អ ក្នុងជំនួបទល់នឹង Athletic Bilbao ។

ជាការពិត Man UTD បានយកឈ្នះ Athletic Bilbao ដោយលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ដែលធ្វើឡើងនាកីឡដ្ឋាន San Mamés កាលពីយប់មិញ។ ការប្រកួតនោះ ក្រុម Man UTD រកគ្រាប់បាល់នាំមុខក្នុងនាទី៣០ ដោយ Casemiro។ នាទី៣៥ Athletic Bilbao ក៏សល់គ្នាតែ១០នាក់ដោយ Daniel Vivian រងការពិន័យកាតក្រហម ត្រូវបណ្តេញចេញពីទីលាន ក្រោយការបង្កកំហុសលើ Rasmus Hoejlund ហើយ Man UTD ក៏ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ និងត្រូវបានស៊ុតបញ្ចូលទីបានសម្រេចដោយ Bruno Fernandes។ Man UTD បន្តរកបានគ្រាប់បាល់ទី៣ ដោយ Bruno Fernandes ដដែល នៅនាទី៤៥ មុនចប់វគ្គទី១។ នៅក្នុងវគ្គទី២វិញ មិនមានគ្រាប់បាល់កើតឡើងជាបន្តទៀតទេ ទើបលទ្ធផល Man UTD ៣ Athletic Bilbao ០ បន្តដល់ចប់ការប្រកួត។

ជ័យជំនះនេះបានធ្វើអោយគ្រូបង្វឹក Man UTD លោក Ruben Amorim ភ្ញាក់ផ្អើល ព្រោះការប្រកួតតទល់នឹង Athletic Bilbao ត្រូវបានចាត់ទុកជាការប្រកួតដ៏លំបាកសម្រាប់ពួកគេ ដោយក្លិបស្ថិតក្នុងលីគកំពូលអេស្ប៉ាញ ជាក្រុមខ្លាំងមួយទៅលើប្រព័ន្ធការពារ ហើយក៏ជាក្រុមមានប្រព័ន្ធការពារខ្លាំងក្នុងទឹកដី ល្អជាងក្រុមណាទាំងអស់ប្រចាំលីគកំពូលទាំង ៥ តំបន់អឺរ៉ុប។

ជាមួយការធ្វើបានល្អបែបនេះ បានធ្វើអោយលោក Ruben Amorim លើកសរសើរកូនក្រុម ក្រោយចប់ការប្រកួតដូច្នេះថា “ ខ្ញុំគិតថាវាជាលទ្ធផលល្អបំផុត ព្រោះគ្មាននរណាម្នាក់រំពឹងថាយើងធ្វើបានអញ្ចឹងទេ។ កីឡាករលេងដោយប្រុងប្រយ័ត្ន បង្កើតឱកាស និងអាចរារាំងគូប្រកួតមិនអោយស៊ុតបានទៀត។ នោះជារឿងល្អខ្លាំងណាស់ដែលកីឡាករបានធ្វើនៅពេលនេះ។”

Man UTD នឹងត្រូវជួប Athletic Bilbao ម្តងទៀត សម្រាប់ការប្រកួតជើងទី២ វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League ដែលធ្វើឡើងនាថ្ងៃទី៨ ខែឧសភា នាកីឡដ្ឋាន Old Trafford ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង