
ការប្រកួតរបស់ Man City ទល់នឹង AFC Bournemouth នឹងក្លាយជាការប្រារព្ធពិធីចែកផ្លូវគ្នា ជាមួយនឹងខ្សែបម្រើ Kevin De Bruyne បន្ទាប់ពីរូបគេបានប្រកាសចាកចេញ កាលពីខែមេសាកន្លងមក។
ការប្រកួតទល់នឹង Bournemouth ជាការប្រកួតសប្តាហ៍ទី៣៧ ធ្វើឡើងនៅថ្ងៃទី ១៩ ខែឧសភា ក្នុងកីឡដ្ឋាន Etihad ពោលគឺការប្រកួតមួយលើក មុនការប្រកួតចុងក្រោយបិទរដូវកាល ពេលដែល Man City ត្រូវប៉ះ Fulham នៅថ្ងៃទី២៥ ឧសភា។
ដំបូងឡើយការប្រកួតលាគ្នាចុងក្រោយជាមួយនឹង Kevin De Bruyne ត្រូវបាន Man City រៀបចំគម្រោងធ្វើឡើងចុងសប្តាហ៍នេះ ប៉ុន្តែដោយសារតែក្រុមត្រូវមានភារកិច្ចប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Crystal Palace ទើបលើកពេលធ្វើពិធីលាគ្នាជាមួយកីឡាករវ័យ ៣៣ឆ្នាំ។
បើតាមការបញ្ជាក់របស់ Man City ពួកគេនឹងរៀបចំពិធីលាគ្នា នៅមុនពេលការប្រកួតចូលមកដល់ ដើម្បីអាចអោយកីឡាករបាននិយាយលាគ្នាជាមួយនឹងអ្នកគាំទ្រក្នុងកីឡដ្ឋាន Etihad។
Kevin De Bruyne ត្រូវបាន Man City និងអ្នកគាំទ្របានចាត់ទុករូបគេថា ជាកីឡាករដ៏អស្ចារ្យមួយរូបប្រចាំប្រវត្តិសាស្ត្ររបស់ក្រុម ដោយរួមចំណែកឈ្នះ Premier League ៦លើក ហើយរូបគេធ្លាប់ឈ្នះពានកីឡាករលេងបំផុតល្អប្រចាំឆ្នាំក្នុងប្រទេសអង់គ្លេស PFA Player of the Year ២លើក នឹងបានជួយក្រុមឈ្នះពាន UEFA Champions League រដូវកាល ២០២២-២៣៕