គ្រូបង្វឹកលោក Ruben Amorim បានសារភាពថា ក្រុមមិនទាន់ត្រៀមខ្លួនរួចរាល់ឡើយ ដើម្បីប្រជែងពាន Premier League និង UEFA Champions League រដូវកាលក្រោយ។
Man UTD កំពុងត្រៀមខ្លួនប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League ទល់នឹងក្រុម Athletic Bilbao នៅយប់ថ្ងៃទី៨ ខែឧសភា បន្ទាប់ពីជើងទី១ ធ្វើបានល្អនៅលើទឹកដីអេស្ប៉ាញដោយឈ្នះការប្រកួតលទ្ធផល ៣-០។
យ៉ាងណា លទ្ធផលនៅ Premier League បែរជាបន្តអាក្រក់ទៅៗ ដោយ Man UTD ទើបបានចាញ់ Brentford ធ្វើអោយក្រុម ធ្លាក់ទៅឈរនៅលេខ ១៥ ក្នុងតារាង Premier League។
រដូវកាល ២០២៤-២៥ នឹងក្លាយជាពេលវេលាអាក្រក់មួយ ដែល Man UTD មិនអាចឈរលើពាក់កណ្តាលតារាងក្របខណ្ឌ Premier League បាន តែយ៉ាងណា លោក Ruben Amorim ក៏បញ្ជាក់ថា ក្រុមផ្តោតលើការប្រជែងពាន UEFA Europa League ។
ជុំវិញរឿងនេះ លោក Amorim បាននិយាយបែបនេះ “យើងមិនទាន់ត្រៀមរួចរាល់នោះទេ ក្នុងការប្រកួតប្រជែង Premier League និង UEFA Champions League ប៉ុន្តែយើងត្រូវការឈ្នះពាន UEFA Europa League អោយបាន ដើម្បី អ្នកគាំទ្រយើងរីករាយ។ បន្ទាប់មកយើងនឹងប្រើពេលក្នុងការរៀបចំក្រុម ស្របតាមកម្រិតការប្រកួតរបស់ពានរង្វាន់ធំៗទាំង ២ នោះ។”
ទោះជាការប្រកួតក្នុងស្រុកជួបលទ្ធផលមិនល្អ តែ Man UTD ក្នុងពានកម្រិតទី២ អឺរ៉ុប ពួកគេមិនទាន់ចាញ់ការប្រកួតណាមួយឡើយ ចាប់តាំងពីវគ្គសន្សំពិន្ទុមកម្ល៉េះ រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕