×

ខ្សែការពារ Trent Alexander-Arnold ប្រកាសអំពីការចាកចេញពី Liverpool ជាផ្លូវការ

កាលពីពេលថ្មីៗនេះ ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold បានប្រកាសអំពីការចាកចេញពី Liverpool ជាផ្លូវការហើយ។

ទាក់ទងនឹងការចាកចេញនេះ កីឡាករសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំបានប្រកាស យ៉ាងដូច្នេះថា “នេះជាការសម្រេចចិត្តដ៏ពិបាកបំផុតដែលខ្ញុំមិនធ្លាប់ឆ្លងកាត់កន្លងមកនៅក្នុងជីវិតរបស់ខ្ញុំ។ ក្លិបនេះគឺជាជីវិតរបស់ខ្ញុំទាំងមូល ជាពិភពលោករបស់ខ្ញុំរយៈពេល ២០ ឆ្នាំ។ ចាប់តាំងពីយុវជនរហូតមកដល់ពេលនេះ ការគាំទ្រ និងសេចក្តីស្រឡាញ់ ដែលខ្ញុំទទួលបានពីមនុស្សគ្រប់គ្នាទាំងនៅក្នុង និងក្រៅក្លិប វាតែងតែដក់ជាប់នៅក្នុងចិត្តខ្ញុំជារៀងរហូត។ ខ្ញុំនឹងនៅតែជំពាក់អ្នកទាំងអស់គ្នាជារៀងរហូត។”

Arnold បានបន្តទៀតថា “ប៉ុន្តែ ខ្ញុំមិនអាចដឹងពីអ្វីដែលកើតឡើងទៅមុខទៀតឡើយ ហើយការសម្រេចចិត្តនេះ វាកើតឡើង ដោយសារខ្ញុំចង់ទទួលយកការប្រកួតប្រជែងថ្មី។ ដោយសេចក្តីស្មោះចេញពីបេះដូង ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា គ្រូបង្វឹក អ្នកគ្រប់គ្រង មិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្រដ៏អស្ចារ្យ។ សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះក្លិបនេះ គឺនឹងមិនអាចបញ្ចប់ឡើយ។”

ក្រោយរួមរស់នៅទឹកដី Anfield រយៈពេល ២០ ឆ្នាំ គឺ Arnold នឹងត្រូវចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ខណៈមានការផ្សព្វផ្សាយបានអោយដឹងថា រូបគេនឹងចុះកុងត្រាជាមួយ Real Madrid ក្នុងពេលឆាប់ៗ។

មានដើមកំណើតនៅទីក្រុង Liverpool ប្រទេសអង់គ្លេស Alexander-Arnold បានហ្វឹកហាត់និងលេងអោយ ក្លិប Liverpool តាំងពីនៅថ្នាលយុវជនរហូតដល់កីឡាករឈុតធំ ដើម្បីក្លាយជាខ្សែការពារស្តាំដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។

Alexander-Arnold បានបង្ហាញខ្លួនអោយ Liverpool ៣៥២ ស៊ុតបាន ២៣គ្រាប់ និងបានឈ្នះពានរង្វាន់ក្នុងស្រុកនានាដូចជា Premier League ចំនួន២ ដង FA Cup ១ដង EFL Cup ១ដង រួមនឹងពានរង្វាន់អន្តរជាតិដូចជា UEFA Champions League ១ដង, UEFA Super Cup ១ដង និង FIFA Club World Cup ១ដងផងដែរ ជាមួយក្រុមរហស្សនាមហង្សក្រហម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង