PSG បានទទួលការជំរុញមួយនៅមុនការប្រកួត UEFA Champions League ជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់នឹង Arsenal ដោយខ្សែប្រយុទ្ធ Ousmane Dembele បានវិលត្រឡប់មកទីលានវិញទាន់ពេលវេលា។
កីឡាករវ័យ២៧ឆ្នាំ ដែលរកបានគ្រាប់បាល់តែមួយគត់ក្នុងជ័យជំនះ PSG លើ Arsenal ១-០ កាលពីសប្តាហ៍មុននៅកីឡដ្ឋាន Emirates នោះ បានរងរបួសសាច់ដុំ ដែលនាំអោយមានការបារម្ភពីវត្តមានរបស់គេក្នុងការជួបគ្នាជាមួយក្រុមកាំភ្លើងធំសាជាថ្មី ប៉ុន្តែពេលនេះរូបគេមានភាពធូរស្រាលនឹងអាចត្រៀមខ្លួនក្នុងការប្រកួតបាន។
ទាក់ទិននឹងរឿងនេះ គ្រូបង្វឹក PSG លោក Luis Enrique បានប្រាប់សន្និសីទសារព័ត៌មានថា “ Dembele បានហ្វឹកហាត់ជាមួយក្រុមអស់រយៈពេល ២ ថ្ងៃ ដូច្នេះគេនឹងមានវត្តមានក្នុងការប្រកួត ។”
វាជាដំណឹងល្អសម្រាប់ PSG ដែលកំពុងប្រឹងប្រែងស្វែងរកពានអឺរ៉ុបនៅរដូវកាលនេះ។ លោក Luis Enrique បាននាំយកនូវការផ្លាស់ប្តូរក្រុម ដើម្បីឈានទៅរកការប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត។
ទាក់ទិនទៅនឹងការត្រៀមខ្លួនជួបជាមួយ Arsenal សាជាថ្មីនេះដែរ លោក Luis Enrique បានអោយដឹងថា ក្រុមរបស់លោក មានការរីកចម្រើន និង ត្រៀមខ្លួនរួចរាល់ ដើម្បីទទួលយកនូវរាល់ការវាយសម្រុកពីសំណាក់ក្រុមគូប្រជែង។ គូ្របង្វឹកជនជាតិអេស្ប៉ាញ ក៏បានបង្ហាញពីការជឿជាក់ទៅលើសមត្ថភាពរបស់កូនក្រុម ថា ពិតជាអាចទទួលបានលទ្ធផលល្អបន្តទៀត។
ការបង្ហាញខ្លួនចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League របស់ PSG បានបញ្ចប់ដោយការបរាជ័យក្រោមថ្វីជើង Bayern Munich ក្នុងឆ្នាំ ២០២០ ខណៈដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រតែមួយគត់របស់ Arsenal គឺនៅឆ្នាំ ២០០៦ នៅពេលដែលពួកគេបានចាញ់ Barcelona ។
សូមបញ្ជាក់ថា ជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រវាង PSG ទល់នឹង Arsenal នឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Parc des Princes ៕