
ក្លិប Real Madrid អះអាងថា ពួកគេចង់បានខ្សែការពារ Trend Alexander Arnold អោយទាន់ទីផ្សារដោះដូរដើមរដូវកាលខាងមុខ សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup។
Alexander Arnold ទើបបានប្រកាសថា ខ្លួនមានបំណងចាកចេញពី Liverpool នៅចុងបញ្ចប់រដូវកាល បន្ទាប់ពីកិច្ចសន្យាគេផុតកំណត់ទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ តួយ៉ាង Arnold បានបង្ហោះនៅលើបណ្តាញសង្គម X បញ្ជាក់ពីការសម្រេចចិត្តរបស់គេចាកចេញពីក្លិបដែលធ្លាប់រួមរស់រយៈពេលជិត ២០ឆ្នាំ ថាជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែរូបគេចង់ភ្លក់រសជាតិពិសោធន៍នៃការប្រកួតប្រជែងថ្មី។
សម្រាប់ Real Madrid មានបំណងចង់ចុះកិច្ចសន្យាយក Arnold នៅចំថ្ងៃទីផ្សារដោះដូរបើក ដើម្បីអាចយកបានកីឡាករវ័យ ២៦ឆ្នាំ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។
ទាក់ទងការផ្ទេរ Alexander Arnold នេះដែរ Real Madrid ធ្លាប់បង្ហាញបំណងចង់បានរូបគេតាំងពីខែមករា មកម្ល៉េះ បន្ទាប់ពីកីឡាករសំខាន់ Dani Carvajal បានរងរបួសជង្គង់ និងត្រូវសម្រាករយៈពេលវែង។
រឿងនេះក៏នឹងអាចធ្វើអោយ Alexander Arnold អាចធ្វើដំណើរជាមួយ Real Madrid ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ នៅទឹកដីអាមេរិក ។ FIFA Club World Cup ដែលនឹងមានក្រុមចំនួន៣២ ចូលរួមប្រជែងនោះ Real Madrid បានចាប់ពូលចូលកក្នុងពូល H ដែលមាន Al Hilal, Pachuca និង RB Salzburg៕