×

គ្រូ Man UTD រីករាយក្រោយបន្តឈ្នះ Athletic Bilbao ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League

គ្រូបង្វឹក លោក Ruben Amorim បានបង្ហាញពីភាពរីករាយ ក្រោយពីក្រុម Man UTD របស់លោកបានបន្តយកឈ្នះ Athletic Bilbao សាជាថ្មី នៅក្នុងការប្រកួតជើងទី២វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League ដែលធ្វើឡើងនាកីឡដ្ឋាន Old Trafford កាលពីយប់មិញ។

ការប្រកួតនោះ ក្រុមភ្ញៀវ Athletic Bilbao បាននាំមុខមុនក្នុងនាទី ៣១ ដោយការស៊ុតរបស់ Mikel Jauregizar ហើយវគ្គទី១ មានបាល់ចូលសំណាញ់ទីតែ១គ្រាប់នេះ។

នៅក្នុងវគ្គទី២ ក្រុមម្ចាស់ផ្ទះ Man UTD បានបញ្ចេញទម្រង់យ៉ាងល្អ ហើយធ្វើការវាយបកយក៤គ្រាប់វិញផ្ទួនៗ ដែលជាការធ្វើបានដោយ ការស៊ុតរបស់ Mason Mount នាទី៧២ ការតែតបញ្ចូលទីរបស់ Casemiro នៅនាទី៨០ ការស៊ុតរបស់ Rasmus Hoejlund ក្នុងនាទី៨៥ និង ការស៊ុតរបស់ Mason Mount សាជាថ្មីនៅនាទី៩០+១ ដែលធ្វើអោយការប្រកួតបញ្ចប់ទៅដោយលទ្ធផល Man UTD ៤ Athletic Bilbao ១។

កាលពីជើងទី១ Man UTD បានឈ្នះ Athletic Bilbao ៣-០ បូករួមជើងទី២នេះទៀត Man UTD បានឈ្នះ Athletic Bilbao ដោយលទ្ធផលសរុប ៧-១ ដែលមានន័យថា ពួកគេនឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ។ ក្រោមការដឹកនាំរបស់លោក Ruben Amorim ក្រុម Man UTD ធ្វើមិនបានល្អសោះក្នុងការប្រកួតលីគ និង FA Cup ក្នុងនាមជាក្រុមការពារជើងឯក។ ប៉ុន្តែ នៅក្របខណ្ឌអឺរ៉ុបវិញ ពួកគេមិនទាន់ស្គាល់ចាញ់ឡើយតាំងពីវគ្គចែកពូល រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាមួយភាពល្អប្រសើរនេះដែរបានធ្វើអោយ គ្រូបង្វឹក Man UTD លោក Ruben Amorim មានការសប្បាយចិត្តចំពោះការខិតខំរបស់កូនក្រុម ហើយលោកបានធ្វើការលើកសរសើរកីឡាករខ្លួនយ៉ាងខ្លាំង។

បុរសជនជាតិព័រទុយហ្កាល់ បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះថា “វាជាការប្រកួតដ៏អស្ចារ្យ។ ខ្ញុំគិតថា ប្រសិនបើអ្នកមើលការប្រកួតទាំងពីរនេះវាមានភាពតានតឹងខ្លាំងជាង។ យើងមានចំណុចខ្សោយជាច្រើន ប៉ុន្តែយើងកំពុងតែប្រយុទ្ធ ហើយយើងអាចឆ្លងផុតបានសម្រេច។ ខ្ញុំគិតថាយើងសមនឹងទទួលបានមកវិញនូវអ្វីដែលយើងបានខិតខំប្រឹងប្រែង។”

ដោយឡែក ការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League ១គូទៀតដែលបានធ្វើឡើងកាលពីយប់មិញនេះដែរគឺ Tottenham Hotspur បន្តឈ្នះក្រុមន័រវេស Bodø/Glimt ២-០ ខណៈជើងទី១ Tottenham Hotspur បានឈ្នះដោយលទ្ធផល ៣-១ ហើយសរុបលទ្ធផលទាំង២ជើងគឺ Spur ឈ្នះ Bodø/Glimt ដោយលទ្ធផលសរុប ៥-១។

ដូចនេះ ការឡើងទៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League គឺជាការជួបគ្នារវាងក្រុមអង់គ្លេសទាំង២ Man UTD និង Tottenham Hotspur ដោយការប្រកួតធ្វើឡើងនាថ្ងៃទី ២១ ខែឧសភា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង