×

គ្រូ Man UTD ចេញថ្លៃសំបុត្រវគ្គផ្តាច់ព្រ័ត្រ UEFA Europa League សម្រាប់ក្រុមគ្រួសាររបស់ក្រុមការងារគ្រូបង្វឹក

គ្រូបង្វឹក លោក Ruben Amorim បានចេញថ្លៃសំបុត្រសម្រាប់ទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ទៅកាន់ក្រុមគ្រួសាររបស់ក្រុមការងារគ្រូបង្វឹកក្នុងក្លិប Man UTD ចំនួន ៣០រូប។

ការចេញថ្លៃសំបុត្ររបស់បុរសសញ្ជាតិព័រទុយហ្កាល់រូបនេះគឺបន្ទាប់ពីក្លិប Man UTD ប្រកាស មិនចេញថ្លៃសំបុត្រសម្រាប់គ្រួសាររបស់ក្រុមការងារគ្រូបង្វឹកឡើយ ហើយទង្វើរបស់លោក Ruben Amorim ក៏ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់ពួកគេ។

កន្លងមកក្លិប Man UTD ធ្លាប់បានកាត់ចោលការងាររបស់បុគ្គលិកក្លិបប្រមាណជាង ២០០នាក់ រួចមកហើយ ដើម្បីបន្ថយការចំណាយរដូវកាលនេះ។ លើសពីនេះ Man UTD ក៏បានបង្កើតសំបុត្រចំនួន ២ សម្រាប់ក្រុមបុគ្គលិកក្នុងក្លិបអាចទិញ ដើម្បីអាចទៅទស្សនាការប្រកួតនៅទីក្រុង Bilbao ជាជាងការធ្វើដំណើរទៅទស្សនាការប្រកួតឥតគិតថ្លៃ។

យ៉ាងណា បុគ្គលិកក្នុងក្លិប Man UTD អាចមានសិទ្ធិទិញសំបុត្រការប្រកួតច្រើនតាមតែអាចធ្វើទៅបាន ខណៈសំបុត្ររបស់ក្លិប Man UTD ទទួលបានសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន San Mames មានចំនួនដល់ទៅ ១៥ ០០០សន្លឹក។ កីឡាករ Man UTD ក្នុងម្នាក់ ទទួលបានសំបុត្រទស្សនាការប្រកួតចំនួន ២សន្លឹក ខណៈក្រុមគ្រួសារ ឬមិត្តភក្ត័ របស់ពួកគេ មិនត្រូវបានក្លិបចេញថ្លៃចំណាយធ្វើដំណើរឡើយ។

Man UTD នឹងត្រូវតទល់នឹង Tottenham Hotspur នៅថ្ងៃទី២១ ខែឧសភា ស្ថិតក្នុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញ ហើយពានរង្វាន់ UEFA Europa League ពិតជាមានតម្លៃខ្ពស់ សម្រាប់ក្រុមមកពីអង់គ្លេស ទាំង ២ ត្រូវការចាំបាច់ ដើម្បីជាផ្លូវអាចទៅចូលរួមប្រកួតប្រជែងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង