Crystal Palace បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយរបស់ខ្លួន ដោយឈ្នះជើងឯកពាន FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ក្រោយយកឈ្នះក្លិបជើងខ្លាំង Man City ដោយលទ្ធផល១-០ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្តាហ៍កន្លងទៅ នៅកីឡាដ្ឋាន Wembley ។
គ្រាប់បាល់ជ័យជំនះតែមួយគ្រាប់របស់ Crystal Palace រកបានដោយ Eberechi Eze នៅនាទី១៦ តាមរយៈការបញ្ជូនបាល់កាត់ពីស្លាបស្ដាំដោយ Daniel Muñoz ។ រីឯ Man City បានព្យាយាមដាក់ការគាបសង្កត់គ្រប់ដណ្ដប់គូប្រកួត ដោយសម្រុកដាក់សម្ពាធលើ Crystal Palace ជាបន្តបន្ទាប់ ប៉ុន្តែត្រូវបានអ្នកចាំទី Dean Henderson ជួយសង្គ្រោះជាហូរហែ ។
សម្រាប់ការប្រកួតនេះ គេសង្កេតឃើញថា ជ័យជំនះរបស់ Crystal Palace បានមកដោយសារអ្នកចាំទី Dean Henderson ជួយសង្គ្រោះបាល់ពិន័យ១១ម៉ែត្រផង និងគ្រាប់បាល់គ្រោះថ្នាក់ពីសំណាក់កីឡាកររបស់ Man City ផង រហូតអាចរក្សាជ័យជំនះរបស់ក្រុមបានសម្រេច។
ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរនេះបានធ្វើអោយគ្រូបង្វឹក Crystal Palace លោក Oliver Glasner មានការសប្បាយរីករាយយ៉ាងខ្លាំង ដ្បិតបានជួយក្រុមបានឈ្នះពានរង្វាន់ ក្នុងការដឹកនាំរដូវកាលដំបូងរបស់ខ្លួន។
ជុំវិញភាពជោគជ័យនេះ បុរសជនជាតិអូទ្រីសបានអោយដឹងដូច្នេះថា “ខ្ញុំគិតថាវាជាពេលវេលាដ៏រីករាយរបស់យើង។ វាជាថ្ងៃរបស់ Crystal Palace វាជាថ្ងៃសម្រាប់អ្នកគាំទ្ររបស់យើង ហើយវាត្រូវតែកើតឡើងដោយយើងបានឈ្នះ។ ខ្ញុំសូមផ្តល់កិត្តិយសដល់កីឡាករ តើពួកគេខំប្រឹងប៉ុណ្ណា ដើម្បីទទួលបានពានរង្វាន់នេះ។ ពួកគេជាកីឡាករដ៏អស្ចារ្យសម្រាប់ខ្ញុំ។”
Crystal Palace ក្រោមការដឹកនាំរបស់លោក Oliver Glasner បានបង្ហាញទម្រង់លេងយ៉ាងល្អទាក់ទាញភ្នែក នៅរដូវកាលនេះ ហើយបានបំពេញក្តីប្រាថ្នាលើកដំបូងរបស់ខ្លួន លើកពាន FA Cup ដែលជាពានធំលំដាប់ទី២ នៅក្នុងក្របខណ្ឌអង់គ្លេស ក្រោយពួកគេខកខានឱកាស២លើក ក្នុងវគ្គផ្ដាច់ព្រ័ត្ររួចមកហើយ គឺនៅក្នុងឆ្នាំ១៩៩០ និង២០១៦៕