×

អាជ្ញាកណ្តាលធ្លាប់មានរឿងអាស្រូវ នឹងកាត់ក្តីការប្រកួត UEFA Europa League រវាង Man UTD និង Tottenham Hotspur

ប្រភពពីសារពត៌មាន BBC បានផ្សព្វផ្សាយអោយដឹងថា លោក Felix Zwayer ដែលធ្លាប់មានរឿងរ៉ាវអាស្រូវពាក់ព័ន្ធករណីរៀបចំលទ្ធផលប្រកួត នឹងក្លាយជាអាជ្ញាកណ្តាលកាត់ក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League រវាង Man UTD និង Tottenham Hotspur។

ទោះយ៉ាងណា អាជ្ញាកណ្តាលប្រកពអាជីពក្នុងក្របខណ្ឌ Bundesliga រូបនេះ ធ្លាប់មានរឿងរ៉ាវអាស្រូវទាក់ទងនឹងការរៀបចំលទ្ធផលប្រកួតទុកមុន នៅឆ្នាំ ២០០៥។

កាលនោះ បុរសវ័យ៤៣ឆ្នាំ បានទទួលប្រាក់ប្រមាណជាង ៣០ម៉ឺនដុល្លារ ពីដៃគូអាជ្ញាកណ្តាលការប្រកួតម្នាក់ទៀតឈ្មោះ Robert Hoyzer ក្រោយមកត្រូវបានគេរកឃើញថាប្រព្រឹត្តិខុស រហូតជាប់បម្រាមពីបាល់ទាត់រយៈពេល ៦ខែ ហើយដៃគូម្នាក់ទៀត ត្រូវបានកាត់ទោសជាប់គុក ២ឆ្នាំ ៥ខែ ព្រមទាំងហាមមិនអោយជាប់ពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត។

មានរឿងអាស្រូវក៏ពិតមែន តែវាមិនអាចឃាត់ឃាំងលោក Felix Zwayer បានឡើយ ដោយលោកបានត្រឡប់បន្តអាជីព ហើយបានក្លាយជាអាជ្ញាកណ្តាលមានបទពិសោធន៍ខ្ពស់បំផុតមួយប្រចាំអឺរ៉ុប ដោយបានកាត់សេចក្តីការប្រកួតទាំងអស់ជាង ៦៨៥ប្រកួត មកដល់ពេលនេះ។

សូមបញ្ជាក់ដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League រវាង Man UTD និង Tottenham Hotspur នឹងធ្វើឡើងនាថ្ងៃទី២១ ខែឧសភា ខាងមុខ នាកីឡដ្ឋាន San Mamés ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង