
Tottenham Hotspur បានធ្វើដំណើរមកដល់ទីក្រុង Bilbao ប្រទេសអេស្ប៉ាញហើយ ដើម្បីធ្វើការរៀបចំត្រៀមខ្លួនអោយរួចរាល់ក្នុងការប្រកួតជាមួយ Man UTD នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ។
ក្រុមរហស្សនាមមាន់ខ្នាយមាស បានដាក់ក្តីសង្ឃឹមថា ពួកគេនឹងអាចឈ្នះពានរង្វាន់ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៨ ហើយបញ្ចប់រដូវកាលនេះ ដោយមានមោទនភាព បន្ទាប់ពីស៊ូទ្រាំក្នុងយុទ្ធនាការការប្រកួតក្នុងស្រុកដ៏អាក្រក់បំផុត រយៈពេលជិត ៥០ ឆ្នាំចុងក្រោយនេះ។
Tottenham Hotspur ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ange Postecoglou ត្រូវបានគេប្រៀបប្រដូចជាមួយនឹង Man UTD ថាជាក្រុមដែលមានភាពលេចធ្លោក្នុងការប្រកួតពានរង្វាន់កំពូលទី២អឺរ៉ុប នៅពេលពួកគេបញ្ចប់ការប្រកួត ជាមួយនឹងជ័យជំនះ ៣-០ នាកីឡដ្ឋាន Tottenham Hotspur Stadium ទល់នឹង FK Qarabag កាលពីខែកញ្ញា។
ទាំង Tottenham Hotspur និង Man UTD បានឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa League យ៉ាងរលូន បើទោះបីជាក្រុមទាំង២មានលទ្ធផលមិនគួរអោយរីករាយ នៅក្នុងការប្រកួតក្របខណ្ឌ Premier League ក្តី។ តួយ៉ាង ការប្រកួតនៅលីគកំពូលអង់គ្លេសគិតត្រឹមសប្តាហ៍ទី៣៧នេះ Tottenham Hotspur ឈ្នះតែ១១ដង ស្មើ៥ដង និងចាញ់ដល់ទៅ២១ដង ឈរលេខ១៧ក្នុងតារាងពិន្ទុ រីឯ Man UTD ក៏មិនល្អប្រសើរប៉ុន្មានដែរ ដោយ៣៧ប្រកួត ពួកគេឈ្នះ១០ដង ស្មើ ៩ដង ចាញ់ ១៨ដង ឈរលេខ១៦ក្នុងតារាងពិន្ទុ។
ភាពអាម៉ាស់សម្រាប់គ្រូបង្វឹកលោក Ange Postecoglou និងកីឡាកររបស់លោក នឹងត្រូវបានលុបចោល ប្រសិនបើ Tottenham Hotspur អាចឈ្នះពានរង្វាន់អឺរ៉ុបជាលើកដំបូងរបស់ពួកគេចាប់តាំងពីពួកគេបានឈ្នះពានរង្វាន់ UEFA Cup កាលពី ៤១ ឆ្នាំមុន។
ទន្ទឹមនឹងនេះ ការឈ្នះពាន UEFA Europa League ក៏នឹងជំរុញអោយ Tottenham Hotspur ត្រលប់ទៅលេងក្នុងពានរង្វាន់ UEFA Champions League វិញ ដែលជាការប្រកួតពានកំពូលអឺរ៉ុប ដែលពួកគេធ្លាប់បានឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៩ តែបានជួបភាពខកចិត្តដោយបានចាញ់ Liverpool ក្នុងការប្រកួតដែលធ្វើឡើងនាទីក្រុង Madrid ប្រទេសអេស្ប៉ាញដូចគ្នានេះ៕