
ប៉ូលិស បានចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបើករថយន្តមួយគ្រឿងបុកអ្នកគាំទ្ររបស់ក្រុមហង្សក្រហម Liverpool អំឡុងពេលដង្ហែពានរង្វាន់ Premier League នៅចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃចន្ទ ទី២៦ ខែឧសភា ដោយបានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួសរួមទាំងកុមារ៤នាក់ផងដែរ។
ក្រុមសង្គ្រោះបន្ទាន់ បានឱ្យដឹងថា មនុស្សសរុបចំនួន ២៧ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្នុងនោះមានពីរនាក់ ជាកុមារម្នាក់ បានរងរបួសធ្ងន់។ នៅទីតាំងកើតហេតុ មនុស្សចំនួន ៤ នាក់ មនុស្សពេញវ័យ ៣ នាក់ និងកុមារម្នាក់ ត្រូវបានទាញចេញពីក្រោមរថយន្តបង្កហេតុ។
ប៉ូលិស បាននិយាយថា ឧប្បត្តិហេតុនេះមិនត្រូវបានចាត់ទុកជាអំពើភេរវកម្មទេ។ ចំណែកជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនត្រូវបានគេជឿថាជាអ្នកបើករថយន្ត។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលអ្នកគាំទ្រក្រុម Liverpool ចូលរួមអបអរសាទរក្បួនដង្ហែពានរង្វាន់លីគកំពូលអង់គ្លេស សម្រាប់ការឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសជាលើកទី ២០ របស់ក្លិបបាល់ទាត់ Liverpool ។
វីដេអូបុករះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលបង្ហាញពីរថយន្តបុករះទៅលើហ្វូងមនុស្សដែលកំពុងអបអរនៅតាមដងផ្លូវ។
ក្បួនដង្ហែដែលបានធ្វើឡើងចំថ្ងៃឈប់សម្រាកសាធារណៈ នៅចក្រភពអង់គ្លេស មានការចូលរួមពីកីឡាកររបស់ក្រុម Liverpool ដែលកំពុងជិះលើរថយន្តក្រុងបើកដំបូល។ អ្នកគាំទ្រ បានឈរនៅតាមបណ្តោយផ្លូវជាង ១៦ គីឡូម៉ែត្រ ដោយគ្រវីទង់ និងអុជកំជ្រួចផងដែរ។
ក្រោយហេតុការណ៍នេះ ក្លិបបាល់ទាត់ Liverpool បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនកំពុងសហការជាមួយប៉ូលិស និង បង្ហាញការសោកស្ដាយចំពោះជនរងគ្រោះក្នុងហេតុការណ៍នេះ។ ចំណែក ក្លិបបាល់ទាត់ Everton ដែលជាក្រុមគូប្រជែងក្នុងតំបន់ជាមួយ Liverpool ក៏បានបង្ហាញការសោកស្ដាយរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ៕