×

អ្នកបើករថយន្តបុករះលើហ្វូងមនុស្ស ក្នុងក្បួនដង្ហែពាន Premier League របស់ Liverpool ត្រូវបានឃុំខ្លួន

អ្នកបើកបររថយន្ត ដែលបំបុកអ្នកគាំទ្របាល់ទាត់ ក្នុងអំឡុងពេលក្បួនដង្ហែពានរង្វាន់ Premier League របស់ក្លិបហង្សក្រហម Liverpool កំពុងត្រូវបានឃុំខ្លួនដោយសង្ស័យថាបានប៉ុនប៉ងមនុស្សឃាត។

ប៉ូលីសបាននិយាយថា រថយន្ត Ford Galaxy ដែលបើកដោយជនសង្ស័យ បានគេចពីប៉ារ៉ាសបិទផ្លូវ ដោយបានបើកតាមពីក្រោយរថយន្តពេទ្យសង្គ្រោះបន្ទាន់ដែលកំពុងបើកចូលទៅជួយសង្គ្រោះអ្នកគាំទ្រម្នាក់ ដែលបានគាំងបេះដូង។

អ្នកបើករថយន្តបង្កហេតុ មានភេទប្រុស អាយុ ៥៣ ឆ្នាំ និងមកពីតំបន់ West Derby នៃទីក្រុង Liverpool ត្រូវបានឃាត់ខ្លួនពីបទសង្ស័យបើកបរប្រកបដោយគ្រោះថ្នាក់ និងបើកបរនៅក្រោមឥទ្ធិពលគ្រឿងញៀន។

មនុស្ស ៥០នាក់រួមទាំងកុមារ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុនៅ Water Street ដែលបានកើតឡើងនៅម៉ោងប្រហែល ៦ល្ងាច ថ្ងៃចន្ទ។ ជនរងគ្រោះសរុបមានចំនួន ៦៥ នាក់។

ប៉ូលិសនិយាយថា ក្នុងចំណោមអ្នករងរបួស ១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមិនប៉ះពាល់ដល់អាយុជីវិតទេ។

គួររំឭកថា អ្នកគាំទ្រក្រុមហង្សក្រហម Liverpool ជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Liverpool កាលពីថ្ងៃចន្ទ ហើយបានតម្រង់ជួរលើផ្លូវ ដើម្បីរង់ចាំក្បួនរថយន្តក្រុងរបស់ក្លិប Liverpool លើចម្ងាយផ្លូវ ១៦ គីឡូម៉ែត្រ ក្នុងពិធីអបអរសាទរការឈ្នះពានរង្វាន់ក្របខណ្ឌ Premier League ជាលើកទីពីរ ក៏ដូចជាពានរង្វាន់លីគកំពូលអង់គ្លេសជាលើកទី ២០ របស់ពួកគេ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង