×

ខ្សែបម្រើ Jobe Bellingham ចាកចេញពី Sunderland ទៅចូលរួម Borussia Dortmund

ខ្សែបម្រើ Jobe Bellingham បានចូលរួមជាមួយក្លិបអាល្លឺម៉ង់ Borussia Dortmund ដោយផ្ទាស់ពីក្លិបអង់គ្លេស Sunderland ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំរហូតដល់ខែមិថុនាឆ្នាំ២០៣០។

សម្រាប់តម្លៃនៃការផ្ទេរ កីឡាករវ័យ១៩ឆ្នាំ មានប្រមាណ៣២លានអឺរ៉ូ បូករួមជាមួយនឹងថ្លៃចំណាយផ្សេងៗ៥លានអឺរ៉ូទៀត ដែល Sunderland អះអាងថា ជាកំណត់ត្រាលក់កីឡាករកម្រិតខ្ពស់បំផុតរបស់ពួកគេ។
សម្រាប់តម្លៃនេះដែរក៏បានធ្វើអោយ Jobe Bellingham ក្លាយជាកីឡាករថ្លៃបំផុតទី២ដែល Dortmund ទិញចូលបន្ទាប់ពីធ្លាប់ទិញយក ខ្សែប្រយុទ្ធ Ousmane Dembele ក្នុងតម្លៃ ៣៥ លានអឺរ៉ូពីក្លិប បារាំង Rennes ក្នុងឆ្នាំ ២០១៦។

Jobe Bellingham បានលេងអោយ Sunderland តាំងពីឆ្នាំ ២០២៣ ដោយបង្ហាញខ្លួន ៩០ដង និងបានជួយអោយក្លិបបានវិលទៅកាន់ក្របខណ្ឌ Premier League វិញនារដូវកាលក្រោយ។

កីឡាករអង់គ្លេសរូបនេះ នឹងចូលរួមជាមួយ Borussia Dortmund ក្នុងការធ្វើដំណើរទៅលេងពានរង្វាន់ FIFA Club World Cup 2025 នាទឹកដីសហរដ្ឋអាមេរិក។ ក្លិបរហស្សនាមពណ៌លឿង បានផ្គូរផ្គងចូលពូល F ដែលមានក្លិបប្រេស៊ីល Fluminense ក្លិបកូរ៉េខាងត្បូង Ulsan HD និង ក្លិបអាហ្រ្វិកខាងត្បូង Mamelodi Sundowns។

មែនទែនទៅ Jobe Bellingham មានឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជើងឯកទ្វីបអឺរ៉ុបអាយុក្រោម ២១ ឆ្នាំ UEFA European Under-21 Championship 2025 ដែលនឹងធ្វើឡើងក្នុងប្រទេសស្លូវ៉ាគីពីថ្ងៃទី ១១ ដល់ ២៨ ខែមិថុនា។

យ៉ាងណាមិញ គ្រូក្រុមជម្រើសជាតិអង់គ្លេសយុវជនអាយុក្រោម២១ឆ្នាំ លោក Lee Carsley បានសម្រេចចិត្តដកឈ្មោះគេចេញវិញ និងអនុញ្ញាតអោយ Jobe Bellingham ទៅចូលរួមប្រកួត FIFA Club World Cup 2025 ។

ការផ្លាស់ទៅកាន់ Borussia Dortmund នេះដែរ Jobe Bellingham បានដើរតាមគន្លងបងប្រុសរបស់គេគឺ ខ្សែបម្រើ Jobe Bellingham ដែលធ្លាប់បានចូលរួមជាមួយ Borussia Dortmund ដែរ ពីឆ្នាំ ២០២០ ដល់ ២០២៣ មុនពេលរូបគេផ្លាស់ទៅចូលរួម Real Madrid៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង