×

Man City ទិញបានកីឡាករទី៣ មុនទៅចូលរួម FIFA Club World Cup 2025

មានការរាយការណ៍អោយដឹងថាក្លិប Man City បានបញ្ចប់ដោយជោគជ័យទៅលើការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Rayan Cherki ពីក្លិប Lyon។

ក្លិបរហស្សនាមមេឃខៀវ នឹងបង់ថ្លៃផ្ទេរប្រមាណ ៣០,៥ លានផោន ហើយកីឡាករបារាំងបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ គឺរហូតដល់ឆ្នាំ ២០៣០ ក្នុងការលេងនាកីឡដ្ឋាន Etihad។

Rayan Cherki នឹងអាចលេងអោយ Man City ក្នុងការប្រកួត FIFA Club World Cup 2025 ដែលចាប់ផ្តើមនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ១៤ ខែមិថុនា ខាងមុខ។ រូបគេជាកីឡាករទី ៣ ដែល Man City បាននាំមកចូលរួម ក្នុងរយៈពេល២ថ្ងៃមកនេះ ដោយគ្រូបង្វឹក លោក Pep Guardiola បាននាំយកខ្សែការពារឆ្វេងសញ្ជាតិអាល់ហ្សេរី Rayan Ait-Nouri ពីក្លិប Wolves តម្លៃ ៣១ លានផោន និង បន្ទាប់មកអ្នកចាំទី Marcus Bettinelli មកពីក្លិប Chelsea ។

Rayan Cherki បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Lyon កាលពីខែតុលា ឆ្នាំ២០១៩ ដែលកាលណោះគេមានអាយុ១៦ ឆ្នាំ ដោយមុនចូលរួមជាមួយ Man City នេះ គេលេងបាន ១៨៥ដង ស៊ុតបាន ២៩គ្រាប់ និងចែកបាល់សម្រេចទី ៤៥ដង អោយ Lyon។

ជុំវិញការនាំចូលកីឡាករថ្មីនេះ នាយកផ្នែកបាល់ទាត់ក្លិប Man City លោក Hugo Viana បាននិយាយថា “ គ្មានអ្វីគួរអោយសង្ស័យទេដែលឥឡូវនេះ Rayan Cherki ស្ថិតក្នុងកន្លែងដ៏ល្អបំផុតដែលអាចអភិវឌ្ឍបន្ថែមទៀតក្រោមការដឹកនាំរបស់លោក Pep Guardiola ហើយខ្ញុំពិតជាជឿថាគេអាចក្លាយជាកីឡាករលំដាប់ពិភពលោកជាមួយការគាំទ្រនិងការដឹកនាំរបស់យើង។”

Man City បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅ Premier League 2024-25 ហើយទទួលបានកៅអីលេង UEFA Champions League ។ ក្រុមរបស់គ្រូបង្វឹកលោក Pep Guardiola នឹងបន្តលេងនៅក្នុងការប្រកួត FIFA Club World Cup 2025។ ពួកគេត្រូវជួបក្រុមម៉ារ៉ុក Wydad AC ក្នុងការប្រកួតបើកឆាក នៅថ្ងៃទី ១៨ ខែមិថុនា មុនពេលប៉ះក្រុមអារ៉ាប់រួម Al-Ain នៅថ្ងៃទី២២ខែមិថុនា និងក្រុមអ៊ីតាលី Juventus នៅថ្ងៃទី២៦ ខែមិថុនា ដែលស្ថិតក្នុងពូល G ជាមួយគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង