
ខ្សែបម្រើ Kevin de Bruyne បានបញ្ចប់ដោយជោគជ័យក្នុងការផ្លាស់ទៅកាន់ក្លិបអ៊ីតាលី Napoli បន្ទាប់ពីរូបគេចាកចេញពីក្លិបអង់គ្លេស Man City នៅចុងបញ្ចប់នៃរដូវកាល Premier League 2024-25 ។
ក្នុងការផ្លាស់ប្តូរទៅ Napoli ក្នុងនាមជាកីឡាករឥតតម្លៃផ្ទេរនេះដែរកីឡាករបែលហ្ស៊ីក បានច្រានចោលការផ្តល់ជូនសំណើពីក្លិបអាមេរិក Chicago Fire ដើម្បីរូបគេអាចលេងនៅ UEFA Champions League រដូវកាលក្រោយ។
Kevin de Bruyne បានចាកចេញពីក្លិប Man City បន្ទាប់ពីចាយពេល ១០ ឆ្នាំនៅក្លិបមេឃខៀវដោយឈ្នះពានរង្វាន់ធំចំនួន ១៩ បន្ទាប់ពីចូលរួមពីក្លិប Wolfsburg ក្នុងឆ្នាំ ២០១៥ ។
កីឡាករវ័យ ៣៣ឆ្នាំ បានកសាងសមិទ្ធិផលដ៏គួរអោយកត់សម្គាល់ ដោយបានជួយ Man City ឈ្នះជើងឯក Premier League ៦ ដង, EFL Cup ៥ ដង និង FA Cups ២ ដង បូករួមទាំងពានរង្វាន់ UEFA Champions League ជាលើកដំបូងរបស់ពួកគេ រួមទាំងពាន UEFA Super Cup និង FIFA Club World Cup ក្នុងឆ្នាំ ២០២៣។ ការចាកចេញរបស់ Kevin de Bruyne ពី Man City ត្រូវបានប្រកាសនៅមុនចុងបញ្ចប់នៃរដូវកាលនេះ ហើយពិធីលាគ្នាដ៏រំជើបរំជួលមួយបានធ្វើឡើងនៅឯកីឡដ្ឋាន Etihad បន្ទាប់ពីការប្រកួតលីគចុងក្រោយរបស់គេទល់នឹង Bournemouth កាលពីខែឧសភា។ Kevin de Bruyne ក៏បានបង្ហាញខ្លួនយ៉ាងខ្លីនៅទឹកដី Fulham ក្នុងការប្រកួតបញ្ជប់រដូវកាលរបស់ Man City។
សម្រាប់ Man City វិញក៏បានដុតដៃដុតជើងស្វែងរកកីឡាករមកបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយ De Bruyne ដោយពួកគេបានចុះហត្ថលេខាលើខ្សែបម្រើ Tijjani Reijnders ពី AC Milan និង Rayan Cherki ពី Lyon ។
Man City អាចប្រឈមមុខនឹង De Bruyne ក្នុងក្របខណ្ឌ Champions League នៅរដូវកាលក្រោយ ដោយកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះបន្តអាជីពរបស់គេនៅកម្រិតកំពូល។
Kevin de Bruyne បានចូលរួមជាមួយអតីតខ្សែបម្រើ Man UTD, Scott McTominay និង Billy Gilmour នៅ Napoli ដែលបានឈ្នះការប្រជែងដណ្តើមពានរង្វាន់ Serie A កាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Chelsea លោក Antonio Conte ៕