×

Tottenham Hotspur តែងតាំងគ្រូ Brentford លោក Thomas Frank មកជាគ្រូបង្វឹកថ្មីរបស់ខ្លួន

Tottenham Hotspur បាននាំយកគ្រូបង្វឹក Brentford លោក Thomas Frank មកជាគ្រូបង្វឹកអចិន្ត្រៃយ៍ទី ៥របស់ពួកគេក្នុងរយៈពេល៦ឆ្នាំ។

ក្លិបរហស្សនាមមាន់ខ្នាយមាសបញ្ជាក់ថា ពួកគេបានចុះកុងត្រាជាមួយបុរសសញ្ជាតិដាណឺម៉ាក រយៈពេល ៣ ឆ្នាំ ដើម្បីជំនួសតំណែងរបស់លោក Ange Postecoglou ដែលត្រូវបានបណ្តេញចេញកាលពីពេលកន្លងទៅ។ សមិទ្ធិផលរបស់លោក Postecoglou គឺបានជួយ Tottenham Hotspur ឈ្នះពានរង្វាន់ដំបូង ក្នុងរយៈពេល ១៧ឆ្នាំ គឺពានរង្វាន់ UEFA Europa League ទោះបីជាពួកគេមានការប្រកួត Premier League ដ៏អាក្រក់ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៧ជាមួយនឹងការចាញ់២២ដង ដែលជាយុទ្ធនាការដ៏អាក្រក់បំផុតរបស់ក្លិបចាប់តាំងពីក្លិបមួយត្រូវបានកាត់ចោលទៅលីគក្រោមក្នុងឆ្នាំ ១៩៧៧។

សម្រាប់លោក Thomas Frank បានចាប់ផ្តើមអាជីពជាគ្រូបង្វឹក ជាមួយនឹងក្រុមយុវជនថ្នាលជម្រើសដាណឺម៉ាក មុនពេលចូលកាន់តំណែងនៅក្លិបដាណឺម៉ាក Brondby ក្នុងឆ្នាំ២០១៣ ហើយចាកចេញនៅខែមីនាឆ្នាំ២០១៦។ ខែធ្នូឆ្នាំដដែល លោក Frank បានចូលរួមជាមួយ Brentford ក្នុងនាមជាជំនួយការរបស់ គ្រូបង្វឹក លោក Dean Smith ក្នុងការប្រកួតក្របខណ្ឌ Championship ។ ខែតុលាឆ្នាំ២០១៨ បន្ទាប់ពីលោក Smith ត្រូវបណ្តេញចេញ លោក Thomas Frank ក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកផ្លូវការរបស់ Brentford ។

បុរសវ័យ៥១ឆ្នាំ មានសមត្ថភាពគួរអោយចាប់អារម្មណ៍ជាមួយ Brentford ដោយបានជួយក្រុមឈានឡើងដល់ក្របខណ្ឌ Premier League ក្នុងឆ្នាំ ២០២១ ។ នៅ Premier League ចំនួន៤រដូវកាលកន្លងមក Brentford ក្រោមការដឹកនាំរបស់ លោក Frank បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ១៣, ទី ៩, ទី ១៦ និងទី ១០។

យោងតាមទិន្នន័យ លោក Frank និងក្រុមបុគ្គលិកបានបង្ហាញពីជំនាញជាពិសេសក្នុងការស្វែងរកកីឡាករ និងលក់កីឡាករចេញ ទទួលបានប្រាក់ចំណេញយ៉ាងច្រើនដូចជាខ្សែប្រយុទ្ធ Ollie Watkins, Ivan Toney និង Said Benrahma និងអ្នកចាំទី David Raya ផងដែរ។

យ៉ាងណា ពេលនេះលោក Thomas Frank ប្រឈមមុខនឹងការប្រកួតប្រជែងខុសគ្នាទាំងស្រុងពី Brentford ដោយការមកដឹកនាំ Tottenham Hotspur ហើយលទ្ធផលរបស់លោក នឹងមានសារៈសំខាន់ក្នុងការឈ្នះចិត្តអ្នកគាំទ្រដែលយល់ថា លោក Postecoglou គួរតែត្រូវបានផ្តល់រង្វាន់សម្រាប់ការឈ្នះពានរង្វាន់ UEFA Europa League ជាជាងការត្រូវបណ្តេញចេញពីតំណែង។

មកកាន់តំណែងនៅ Spurs នេះដែរលោក Thomas Frank បាននាំយកក្រុមការងាររបស់លោកមកពី Brentford ដែរ ដែលមាន លោក Justin Cochrane ប្រធានផ្នែកកីឡា លោក Chris Haslam និងអ្នកវិភាគក្រុមដំបូងលោក Joe Newton រួមជាមួយគ្រូជំនួយលោក Andreas Georgson មកពី Man UTD ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង