Man City ត្រូវបានពិន័យជាទឹកប្រាក់ជាង ១លានផោន ដោយស្ថាប័ន Premier League ករណីពន្យាពេលចាប់ផ្តើមការប្រកួតកាលពីរដូវកាល ២០២៤-២៥។
ការប្រកួតចំនួន ៩ របស់ Man City កាលពីរដូវកាលមុន បានចាប់ផ្តើមដោយ ភាពយឺតយ៉ាវ និង ពន្យាពេល។ ការពន្យាពេលយូរបំផុតមុនចូលវគ្គទី២របស់ Man City គឺការប្រកួត Manchester Derby ក្នុងខែធ្នូ ឆ្នាំ ២០២៤ ដោយវាបានចាប់ផ្តើមយឺតជាងម៉ោងកំណត់ ២នាទី និង២៤វិនាទី។ Man City ក៏បំពានម៉ោងប្រកួតជាមួយក្រុមផ្សេងទៀតដូចជា Southampton, Tottenham Hotspur, Nottingham Forest, West Ham United និង Newcastle United។
ស្ថាប័ន Premier League បាននិយាយថា Man City បានទទួលយក និងសុំទោសចំពោះការ បំពាននេះ ដោយមានការផាកពិន័យសរុបចំនួន ១,០៨ លានផោន។ កាលពីរដូវកាលមុន ក្លិបមេឃខៀវ ត្រូវបានពិន័យជាប្រាក់ចំនួន ២,០៩ លានផោន សម្រាប់ការពន្យារពេលការប្រកួតចំនួន ២២ដងឯណោះ ។
សេចក្តីថ្លែងការណ៍របស់ Premier League បាននិយាយថា “ច្បាប់ទាក់ទងនឹងការចាប់ផ្តើម ការប្រកួត ជួយធានាថាការរៀបចំការប្រកួតត្រូវបានកំណត់តាមស្តង់ដារវិជ្ជាជីវៈខ្ពស់បំផុតដែលអាចធ្វើទៅបាន និងផ្តល់ភាពប្រាកដប្រជាដល់អ្នកគាំទ្រ និងក្លិបដែលចូលរួម។ វាក៏ធានាផងដែរថាការផ្សាយរាល់ការប្រកួត Premier League ត្រូវបានធ្វើឡើងតាមកាលវិភាគ។”
ជំហររបស់ Premier League គឺច្បាស់លាស់ណាស់ ដោយអ្នកទិញការផ្សព្វផ្សាយការប្រកួតបានចំណាយប្រាក់រាប់ពាន់លានផោនសម្រាប់សិទ្ធិក្នុងការបញ្ចាំងការប្រកួត ។
មិនមែនគ្រប់ការប្រកួតទាំងអស់អាចពន្យាពេលដោយសារកីឡាកររងរបួសនោះទេ ប៉ុន្តែម៉ោងចាប់ផ្តើមការប្រកួត និងការសម្រាកក្រោយចប់វគ្គទី១ គឺអាចគ្រប់គ្រងបាន។
សម្រាប់ Man City អះអាងថា វាជារដូវកាលដ៏លំបាកមួយ ប៉ុន្តែការបំពានម៉ោងប្រកួត របស់ពួកគេគឺនៅតែមិនអាចលើកលែងដោយ Premier League ទេ៕