×

អ្នកគាំទ្រ Man UTD ត្អូញត្អែរចំពោះការដំឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួត

ក្រុមអ្នកគាំទ្រក្លិប Man UTD បានមានការខឹងសម្បារ និងខ្លះត្អូញត្អែរ ចំពោះការដំឡើងថ្លៃសំបុត្រទស្សនាការប្រកួតក្នុងកីឡដ្ឋាន Old Trafford សម្រាប់រដូវកាលថ្មី ២០២៥-២៦ បើទោះរដូវកាលមុនក្រុមធ្វើមិនល្អនៅ Premier League នឹងគ្មានកៅអីលេងពានរង្វាន់អឺរ៉ុបក៏ដោយ។

ចំថ្ងៃតែមួយពេលក្របខណ្ឌ Premier League ប្រកាសកាលវិភាគប្រកួតសម្រាប់រដូវកាលថ្មី ក្លិប Man UTD ក៏បានប្រកាសពីការឡើងថ្លៃសំបុត្រ សម្រាប់ការប្រកួតក្នុងទឹកដីរបស់ខ្លួន។ សំបុត្របានបែងចែកតម្លៃតាមប្រភេទ A, B និង C។

សំបុត្រប្រភេទ A ត្រូវបានចាត់ថ្នាក់សម្រាប់ការប្រកួតប៉ះក្រុមធំៗ ដូចជាក្រុម Man City, Liverpool, Arsenal, Chelsea, Tottenham Hotspur និង Newcastle United ជាដើម ដែលមានតម្លៃចាប់ពី ៧៩ដុល្លារ ដល់ ១៣០ដុល្លារ ក្នុងមួយប្រកួត សម្រាប់តម្លៃលក់រាយ។ បញ្ហាសំបុត្រឡើងថ្លៃប្រឈមផលប៉ះពាល់ខ្លាំងដល់អ្នកគាំទ្រដែលទិញសំបុត្រមួយលើកៗ ខុសពីអ្នកទិញសំបុត្រជាកញ្ចប់ពេញមួយរដូវកាល។

បើតាមការលើកឡើងរបស់ក្រុមអ្នកគាំទ្រដែលមានឈ្មោះថា MAN UTD SUPPORTER TRUST ប្រព័ន្ធលក់សំបុត្រថ្មី នឹងធ្វើអោយថ្លៃសំបុត្រកើនឡើងប្រមាណ ៥០ភាគរយ ហើយប៉ះពាល់ដល់អ្នកគាំទ្រជាង ២ម៉ឺននាក់ដែលតែងទិញសំបុត្រមើលមួយលើកៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង