×

Arsenal ជោគជ័យទិញយកអ្នកចាំទី Kepa Arrizabalaga ពី Chelsea

ក្លិប Arsenal បានបញ្ចប់ដោយជោគជ័យទៅលើការចុះហត្ថលេខានាំយកអ្នកចាំទី Kepa Arrizabalaga ពី ក្លិប Chelsea តម្លៃ ៥ លានផោន។

កីឡាករជម្រើសជាតិអេស្ប៉ាញ បានចូលរួមជាមួយ Arsenal ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ បន្ទាប់ពីបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Bournemouth ជាកន្លែងដែលគេបានបង្ហាញខ្លួនចំនួន ៣៥ លើក។

Kepa Arrizabalaga នៅតែជាអ្នកចាំទីថ្លៃបំផុតរបស់ពិភពលោក ដោយបានផ្ទេរទៅកាន់ក្លិប Chelsea ក្នុងឆ្នាំ ២០១៨ ពីក្លិប Athletic Bilbao ក្នុងតម្លៃ ៧១ លានផោន។ ការមកដល់របស់គេនៅកីឡដ្ឋាន Emirates នឹងផ្តល់ការប្រកួតប្រជែងសម្រាប់មិត្តរួមជាតិ David Raya ។

កីឡាករវ័យ៣០ឆ្នាំ លេងបាន១៦៣ដងសម្រាប់ Chelsea ដោយបានជួយក្រុមលើកពាន UEFA Champions League, UEFA Europa League និង FIFA Club World Cup ។ រូបគេក៏បានចំណាយពេលមួយឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើងនៅ Real Madrid និងបានឈ្នះ La Liga និង UEFA Champions League ក្នុងរដូវកាល ២០២៣-២៤ ។

Kepa Arrizabalaga ត្រូវបានចាត់ទុកថាជាជម្រើសអ្នកចាំទីដ៏ល្អបំផុតនៅពេលដែល Thibaut Courtois បង្ខំចិត្តចាកចេញពី Chelsea ក្នុងឆ្នាំ ២០១៨ ហើយ Alisson បានបដិសេធ Chelsea ដើម្បីចូលរួមជាមួយ Liverpool ។ បន្ទាប់មក Athletic Bilbao បានបង្ខំអោយ Chelsea ទិញផ្តាច់កុងត្រារបស់ Kepa ។

បន្ទាប់ពីមានភាពច្របូកច្របល់ក្នុងអាជីពនៅ Chelsea រួចមក Kepa Arrizabalaga បានបង្ហាញ ថារូបគេមិនសមនឹងតម្លៃខ្លួនដ៏ខ្ពស់ ឬប្រាក់ឈ្នួល ១៩ម៉ឺន ផោនក្នុងមួយសប្តាហ៍ទេ។

យ៉ាងណាមិញ កីឡាកររូបនេះនៅតែត្រូវបានទទួលការគោរពយ៉ាងខ្លាំង និងត្រូវបានវាយតម្លៃថាជាកីឡាករអាជីពកំពូល សមាជិកក្រុមដ៏ល្អ និងកីឡាករដែលមានភាពវិជ្ជមាននៅលើទីលាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង