បន្ទាប់ពីខ្សែប្រយុទ្ធ Diogo Jota បានទទួលមរណភាពក្នុងឧបត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ក្លិប Liverpool បានជួបប្រទះការបាត់បង់កីឡាករដ៏សំខាន់មួយរូប និងជាការខូចចិត្តដ៏ធំ ហើយពួកគេបានសម្រេចចិត្តដាក់អាវលេខ២០ របស់ Diogo Jota ចូលនិវត្តន៍។
ជាការពិត ពិភពបាល់ទាត់កំពុងមានភាពភ្ញាក់ផ្អើល និង តក់ស្លុតក្រោយមរណភាពរបស់ខ្សែប្រយុទ្ធ Diogo Jota កីឡាកររបស់ Liverpool ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឆេះរថយន្ត នៅអេស្ប៉ាញ។
បើតាមការផ្សាយរបស់កាសែត BBC ប្អូនប្រុសរបស់កីឡាករព័រទុយហ្កាល់ Andre Silva ដែលបានរួមដំណើរជាមួយគ្នាក៏រងគ្រោះដល់ជីវិតដោយគ្រោះចរាចរណ៍នេះដែរ។ កីឡាករវ័យ២៨ឆ្នាំ ដែលប្រកបអាជីពនៅក្លិបអង់គ្លេស Liverpool និងប្អូនប្រុសរបស់គេ Andre Silva វ័យ២៦ឆ្នាំ ដែលប្រកបអាជីពក្នុងក្លិប Penafiel នៃលីគលំដាប់ទី២ព័រទុយហ្កាល់ បានរងគ្រោះដល់ជីវិតក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តក្នុងក្រុង Zamora ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣ ខែកក្កដា។
ទាំង Jota និង Silva បានរួមដំណើរជាមួយគ្នាដោយរថយន្តម៉ាក Lamborghini ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Liverpool វិញដើម្បីហ្វឹកហាត់ មុនបើករដូវកាល។ ការដែល Diogo Jota សម្រេចចិត្តធ្វើដំណើរតាមរថយន្តនេះ ក៏ព្រោះតែរូបគេទើបតែឆ្លងកាត់ការវះកាត់ព្យាបាលរបួសតូចតាចមួយ ហើយគ្រូពេទ្យបានណែនាំរូបគេ មិនអោយធ្វើការហោះហើរនោះទេ។
យ៉ាងណាមិញ អំឡុងពេលធ្វើដំណើរត្រឡប់មកទីក្រុង Liverpool រូបគេបានបើកបរល្បឿនលឿន ហើយស្រាប់តែបានរេចង្កូតចេញពីផ្លូវដោយសារបែកកង់ ស្របពេលជែងរថយន្តមួយគ្រឿងទៀត ហើយក៏ជួបគ្រោះថ្នាក់ក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
Diogo Jota ដែលមាននាង Rute Cardoso ជាភរិយា ទើបតែរៀបការកាលពីសប្តាហ៍មុន ហើយមានកូនបីនាក់បានជួយ Liverpool ឈ្នះជើងឯក Premier League រដូវកាលមុន និងរួមចំណែកជួយក្រុមជម្រើសជាតិព័រទុយហ្កាល់ឈ្នះអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័តលើកពាន Nations League ឆ្នាំ២០២៥ និងជាលើកទី២ ថែមទៀត។ ការបាត់បង់ Diogo Jota ដែលជាកីឡាករមានសក្តានុពល ជារឿងសោកស្តាយបំផុតសម្រាប់ក្រុមលោក Arne Slot រួមទាំងជម្រើសជាតិពរ័ទុយហ្កាល់ផងដែរ។
ទន្ទឹមនឹងនេះ Liverpool បានដាក់អាវលេខ ២០ ដែល Diogo Jota បានពាក់អោយចូលនិវដ្តន៍ជាផ្លូវការ។ លេខ 20 នេះគឺមិនមែនត្រឹមតែជាលេខអាវនោះទេ វាក៏ជាការតំណែងនៃឆ្នាំដែល Jota ចូលរួមជាមួយក្លិបនៅក្នុងឆ្នាំ ២០២០ និងជាសេចក្តីតំណាងដែល រូបគេបានចូលរួមចំណែកជួយអោយក្រុមហង្សក្រហម Liverpool ឈ្នះពានរង្វាន់ Premier League ជាលើកទី ២០ ផងដែរកាលពីរដូវកាល ២០២៤-២៥ ដែលទើបតែបញ្ចប់កាលពីពេលកន្លងទៅ៕