×

ស្តេចប្រដាល់ Mike Tyson និង Floyd Mayweather យល់ព្រមឡើងសង្វៀនប្រកួតគ្នានៅឆ្នាំ ២០២៦

ស្តេចប្រដាល់ Floyd Mayweather Jr. និង Mike Tyson នឹងឡើងរិញជាមួយគ្នាសម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនៅនិទាឃរដូវបន្ទាប់នេះ ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បត៌ម្សិលមិញ ដោយបន្ថែមថា ជំនួបនេះនឹងរៀបចំឡើងដោយស្ថាប័ន CSI Sports / Fight Sports គ្រាន់តែកាលបរិច្ឆេត និង ទីតាំង នៅមិនទាន់ច្បាស់នៅឡើយ ។

កំពូលកីឡាករ Mike Tyson រហស្សនាម “IRON” និងដែលទស្សនិកជនកម្ពុជាយើងស្គាល់ថាជាជើងឯកគីឡូធ្ងន់មហាកម្លាំងគ្មានគូប្រៀបនោះ មួយរយៈកាលមកនេះស្ងប់ស្ងាត់ពីជ័យជម្នះជាផ្លូវការណ៍ ក្រោយពីការផ្តួលកីឡាករ Clifford Etienne ក្នុងខែកុម្ភៈ ឆ្នាំ ២០០៣ ឯណោះ ហើយរយៈពេល ២២ ឆ្នាំផ្លាយមកនេះ លោកប្រកួតបាន៤ដង ចាញ់៣ ស្មើ១ ក្នុងនោះការប្រកួតចុងក្រោយបំផុតកាលពី ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយកីឡាករ Jake Paul, Mike Tyson ចាញ់ដោយពិន្ទុមិនឯកច្ឆ័ន ។

ចំណែកកីឡាករ Floyd Mayweather ដែលគេបន្ថែមឈ្មោះឱ្យថា Floyd “Money” Mayweather នោះ មានប្រវត្តិ ៥០ ប្រកួតមិនដែលចាញ់ និងបានចូលនិវត្សន៍ទៅហើយក្រោយផ្តួលកីឡាករ Conor McGregor ឱ្យសន្លប់ (TKO) កាលពីខែសីហា ឆ្នាំ២០១៧ បន្ទាប់មកក៏បានចូលរួមក្នុងកម្មវិធីប្រកួតបែប សប្បុរសនិងកំសាន្ត exhibition matches ៤ដងដែរ ហើយលទ្ធផល ឈ្នះ៣ ស្មើ១ ។ ប៉ុន្តែ exhibition matches មិនត្រូវបានរាប់ជាផ្លូវការណ៍នោះទេ ។

ទាក់ទងនឹងជំនួបប្រកួតរវាង Mike Tyson និង Floyd Mayweather នេះ, Mike Tyson បញ្ជាក់ក្នុងសារព័ត៌មានថា នៅពេលស្ថាប័ន CSI ទាក់ទងមកគាត់ ឱ្យឡើងសង្វៀនប្រកួតជាមួយ Floyd Mayweather គាត់គិតថារឿងនេះមិនអាចកើតឡើងទេ ប៉ុន្តែ Floyd ឆ្លើយថាអាច ។ Mike Tyson បន្ថែមថា គាត់វាយលើសង្វៀនប្រដាល់៣០ឆ្នាំផ្លាយមកហើយ មិនដែលមានកីឡាករណាអាចបំផ្លាញកិត្តិស័ព្ទជាកំពូលអ្នកប្រដាល់របស់គាត់បានទេ គាត់ថាបើគាត់ដាក់ចិត្តថាធ្វើអ្វីមួយហើយ វាត្រូវតែជារឿងធំធេង និងជាប្រវត្តិសាស្ត្រ ។ Mike Tyson បន្តថា ការប្រកួតជាមួយ Floyd Mayweather នេះ នឹងមិនធ្វើឱ្យទស្សនិកជនខកចិត្តចំពោះគាត់ទេ ។

សហស្ថាបនិក CSI Sports លោក Richard និង Craig Miele នឹងប្រកាសព័ត៌មានលម្អិតជាក់លាក់ ទាក់ទងនឹងទីតាំង កាលបរិច្ឆេត និងការកំណត់កម្រិតគីឡូ នាពេលខាងមុខ ប៉ុន្តែបានអះអាងថា ព្រឹត្តិការណ៍នេះត្រូវតែលំដាប់ពិភពលោក ជាមួយនឹងការបំពាក់សម្ភារបច្ចេកវិទ្យាជំនាន់ថ្មី បង្ហាញទស្សនិកជនឱ្យឃើញអំពីទំនើបកម្មសង្វៀនប្រដាល់ដែលឈានដល់កម្រិតថ្មីមួយទៀត ៕

ប្រភព៖ Reuters
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW232405092025RP1%3A4

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង