×

លោក Amorim ថានឹងមិនប្ដូរទស្សនៈនៃការលេងរបស់គាត់ឡើយ បើទោះបីបច្ចុប្បន្នក្រុមស្ថិតក្នុងកំណត់ត្រាអាក្រក់បំផុត ហើយរងការរិះគន់ជាច្រើនពី Legend របស់ក្លិប

ការប្រកួត Manchester Derby រវាងមេឃខៀវ និងបិសាចក្រហមនៅរាត្រី Super Sunday យប់មិញបានបញ្ចប់ទៅយ៉ាងមិនលំបាកសម្រាប់ក្រុមរបស់លោក Pep Guardiolar ដែលបានលុតកូនក្រុមលោក Amorim មិនឲ្យតដៃរួច ៣ ទល់នឹង ០ ។

តាមរយៈការចាញ់យប់មិញធ្វើឲ្យបិសាចក្រហមមានត្រឹម ៤ ពិន្ទុពីការប្រកួត ៤ លើកកន្លងមក ដែលជាកំណត់ត្រាអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបចាប់តាំងពីរដូវកាល ៩២-៩៣ ដែល United ស្ថិតក្នុងស្ថានភាពដ៏អាក្រក់ដូចគ្នាក្រោមការដឹកនាំរបស់ Sir Alex Ferguson ខណៈតាមការវិភាគពី Opta បានឲ្យដឹងថា United ជាក្រុមដែលប្រឈមមុខនឹងត្រូវកាត់ចេញទៅលីគទី ២ ច្រើនជាងគេដល់ទៅ ១១% និងមានត្រឹមតែ ៧.៣% ប៉ុណ្ណោះនៃការអត្រាដែលក្លិបអាចស្ថិតនៅតំបន់ Top 5 បាន បើទោះជាលោក Ratcliffe ចាយលុយដល់ទៅ ២០០ លានផោនក្នុងរដូវក្ដៅក៏ដោយ ។

ទាក់ទងនឹងបរាជ័យយប់មិញលោក Roy Keane ដែលជាវិរៈបុរសរបស់ក្លិបលើកឡើងនៅក្នុង Sky Sport ថា ៖ « បច្ចុប្បន្នស្ថានភាពរបស់ United គឺធ្វើឲ្យខ្ញុំបារម្ភ ព្រោះក្រុមខ្វះគុណភាពនៅគ្រប់ទៅកន្លែងលើទីលាន ហើយបើនិយាយពីចំនួនពិន្ទុ គ្រាប់បាល់ដែលរកបាន និងរបូតគឺមិនស្រួលនោះឡើយ ។ អ្នកតែងតែនិយាយពី System និងប្រព័ន្ធលេង ប៉ុន្តែអ្នកចាត់ការគឺនៅតែបន្តលេងតាមការយល់ឃើញរបស់គាត់ និងផ្លាស់ប្ដូរឡើយ ។ »

ទាក់ទងនឹងការផ្លាស់ប្ដូរប្រព័ន្ធលេងថ្មីក្រោយបរាជ័យយប់មិញលោក Amorim បញ្ជាក់ច្បាស់ៗថា ៖ « ខ្ញុំយល់ និងដឹងថាកំណត់ត្រាបែបនេះមិនសមកើតឡើងសម្រាប់ក្លិបដូចជា United ឡើយ ។ វាមានរឿងជាច្រើនដែលនឹងកើតឡើងនៅរយៈពេលប៉ុន្មានខែបន្ទាប់ តែខ្ញុំនឹងផ្លាស់ប្ដូររបៀបដែលខ្ញុំលេងឡើយ ។ នៅពេលដែលខ្ញុំផ្លាស់ប្ដូររបៀបដែលក្រុមលេង គឺខ្ញុំនឹងប្ដូរ តែបើខ្ញុំមិនដូរទេ អ្នកអាចរកអ្នកថ្មីជំនួសបាន ៕ »

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង